(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយការប្រកួតស្វែងរកបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី០៧ ខែមីនានេះ នៅទីលាបាល់ទាត់វិទ្យាល័យបឹងត្របែក។

ក្រោយបើកការប្រកួតរដូវកាលថ្មី កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅ ក្នុងចំណោមបេក្ខភាព ១៣ក្រុមចូលរួម បានរកឃើញក្រុមខ្លាំង ៤ក្រុមចុងក្រោយ ដែលត្រូវជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅល្ងាចថ្ងៃសុក្រនេះ ក្នុងនោះមានក្រុមបាល់ទាត់ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវក្រុមអគ្គស្នងការនគរបាលជាតិ និងក្រុមអន្តោប្រវេសន៍មានជ័យ ត្រូវជួបក្រុមខុទ្ទកាល័យឯកឧត្ដមអភិសន្តិបណ្ឌិត។

គួរដឹងថា ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវបានផ្ដួចផ្ដើមបង្កើត និងអនុញ្ញាតឲ្យរៀបចំដោយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពដល់មន្ដ្រីនគរបាល ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ជាតិ សំដៅបណ្តុះស្មារតីស្រលាញ់កីឡា និងលេងកីឡាដើម្បីសុខភាព រឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានចំណុះក្រសួងមហាផ្ទៃ៕