(បរទេស)៖ Manchester United បន្តកំណត់ត្រាតាមរយៈលេង ៩ប្រកួតមិនទាន់ចាញ់ឡើយ ក្នុងកម្មវិធីពានង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-25 ពោលគឺ ឈ្នះ៥ និងស្មើ៤ នៅក្រោយពេលបញ្ចប់លទ្ធផល ១-១ ជាមួយម្ចាស់ផ្ទះ Real Sociedad យប់មិញនេះ។
ក្រុមមកពី Premier League របស់អង់គ្លេសមួយនេះ បានបើកការនាំមុខ ១គ្រាប់មុននៃការប្រកួតជើងទី១ វគ្គ ១៦ក្រុមនៅប្រទេសអេស្ប៉ាញ ពីការធ្វើបានដោយកីឡាករខ្សែប្រយុទ្ធហូឡង់ Zirkzee ក្នុងរយៈពេល ១២នាទីដំបូង ក៏ប៉ុន្តែ Mikel Ayarzabal ជាអ្នកទាត់ប៉េណាល់ទីតាមស្មើឱ្យម្ចាស់ផ្ទះ Sociedad វិញនៅនាទី៧០។ Bruno Fernandes បានយកដៃទៅប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់ ដែលត្រូវបានបញ្ជាក់ដោយ VAR។
បិសាចក្រហម Man Utd ស្ថិតក្រោមដឹកនាំដោយលោក Ruben Amorim មានអារម្មណ៍ខកចិត្ត ដោយពុំទទួលបានជ័យជម្នះ ដែលពួកគេបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង ស្របពេលអ្នកចាំទី Andre Onana មិនមមាញឹកឡើយ នៅមុនពេលខាងម្ចាស់ផ្ទះទទួលបានបាល់ពិន័យ ១១ម៉ែត្រ។
ទោះជាយ៉ាងណា អតីតក្រុមជើងឯក UEL កាលឆ្នាំ២០១៧ មួយនេះនៅតែសង្ឃឹម និងជឿជាក់ ក្នុងការឈានទៅវគ្គ ៨ក្រុមជាបន្តទៀត មុនពេលលេងជើងទី២ នៅកីឡដ្ឋាន Old Trafford នាសប្តាហ៍ក្រោយ៕