(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងថា ក្រុមរបស់ខ្លួន ត្រូវការការប្រកួតប្រជែងកាន់តែខ្លាំង ប្រសិនបើចង់ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដ្បិតលោកឃើញការប្រកួតជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា យប់មិញ ក្រុមហាក់បង្ហាញទម្រង់លេងមិនទាន់ល្អ ស្របតាមផែនការចង់បានឡើយ ។

ការលើកឡើងនេះ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមទើបគ្រងជើងឯកលីគកំពូលមីយ៉ាន់ម៉ា រហូតដល់ ៦-២ ក្នុងជំនួបជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីខាងលើ ។ ប៉ុន្ដែទោះបញ្ចប់ដោយលទ្ធផលល្អយ៉ាងណា តែលោកឃើញថា កូនក្រុមិនទាន់ធ្វើបានល្អខ្លាំងនោះទេ ដែលមទាមទាឲ្យពួកគេត្រូវសម្រួចការខំប្រឹងបន្ថែមទៀត សម្រាប់ការប្រកួតបន្ទាប់ ។

ថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតលោក Pep បាននិយាយថា «យើងដឹងហើយថា លទ្ធផលល្អសម្រាប់យើង តែបើនិយាយពីការប្រកួតទាំងមូល របៀបលេងទាំងមូល មិនសូវជាបានល្អ ព្រោះពាក់ព័ន្ធនឹងចង្វាក់លេង ក៏ដូចជាផែនការរៀបចំលេងរបស់យើង គឺមិនទាន់បានល្អណាស់ណាណាទេ យើងត្រូវការរក្សាបាល់ឲ្យបានច្រើនជាងហ្នឹងថែមទៀត ព្រោះយើងមានបាល់លេងច្រើនថ្ងៃនេះ ដោយសារ Shan United ពួកគាត់ព្យាយាមលេងការពារច្រើន...»

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដដែល បានសង្កត់ធ្ងន់ថា «ពាន (AFC Challenge League 2024/25) មិនទាន់បញ្ចប់ទេ ព្រោះយើងនៅជើងទី២ ទៀត យើងត្រូវការធ្វើការធ្វើម៉េចការប្រកួតប្រជែងឲ្យខ្លាំង ព្រោះបើយើងចង់លេងនៅផ្ដាច់ព្រ័ត្រ យើងត្រូវធ្វើម៉េចឲ្យការប្រកួតប្រជែងខ្លាំងថែមទៀត»

ដោយឡែកកីឡាកររកបានគ្រាប់បាល់ Hat-Trick ៣គ្រាប់ម្នាក់ឯង និងជាប់ជាកីឡាករល្អប្រចាំការប្រកួត Cristian Dos Santos បានបង្ហាញអារម្មណ៍រីករាយជាមួយជ័យជម្នះខាងលើ ។ ទោះបីសកម្មភាពមួយចំនួនក្រុមធ្វើបានល្អ តែរូបគេយល់ថា ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើការខ្លាំងបន្ថែមទៀត សម្រាប់ជើងទី២ ដើម្បីរក្សានូវភាពខ្លាំង និងទទួលបានជ័យជម្នះ ក្នុងការធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ដទៀត ។

គួរដឹងថា ១សប្ដាហ៍ក្រោយបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ក្រុមខ្លាំងមីយ៉ាន់ម៉ា ដែលមានអ្នកទស្សនាផ្ទាល់ជាង ១៦,០០០នាក់ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅលេងនៅទឹកដី Shan United វិញម្ដង នាថ្ងៃទី១២ ខែមីនានេះ ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2024/25 ជាផ្លូវការ ៕