(បរទេស)៖ ប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានត្រឡប់មកវិញជាមួយនឹងរបាយការណ៍ចុងក្រោយ ដោយបានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងបង្អស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងបង្ហាញខ្លូនៅចុងឆ្នាំ២០២៦ ជាមួយនឹងតម្លៃជាង ២,០០០ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
លោក Kou បានឱ្យដឹងថា iPhone អេក្រង់បត់ ឬ foldable iPhone នឹងមានរូបរាងតាមបែបសៀវភៅ ដែលមានអេក្រង់ខាងក្រៅទំហំ ៥.៥អ៊ីញ និងអេក្រង់ OLED ទំហំ ៧.៨អ៊ីញ ហើយវានឹងចេញមកគ្មានស្នាមផ្នត់ជាលើកដំបូងបើធៀបនឹងស្មាតហ្វូនអេក្រង់បត់ផ្សេងទៀត។ Kou បានចែករំលែកថា ក្រុមហ៊ុន Bright Laser Technologies (BLT) គឺជាអ្នកផ្គត់ផ្គង់ឈានមុខគេសម្រាប់ hinge និង midframe របស់ iPhone អេក្រង់បត់។ សមាសធាតុទាំងពីរនេះ ត្រូវបានគេរំពឹងទុកថាត្រូវបានផលិតពីដែកអ៊ីណុក និងទីតានីញ៉ូម ជាមួយនឹងទម្រង់ដ៏ស្តើងដែលប្រើបច្ចេកវិទ្យាបោះពុម្ព 3D កម្រិតខ្ពស់ ស្រដៀងទៅនឹងអ្វីដែល Oppo បានធ្វើជាមួយ Find N5 របស់វា។
លើសពីនេះ iPhone អេក្រង់បត់មិនត្រូវបានបំពាក់ដោយ FaceID ទេពោលគឺនឹងទទួលបានមុខងារ Touch ID fingerprint reader ជំនួសវិញដោយបញ្ចូលទៅក្នុងប៊ូតុង power នៅចំហៀង។ លោក Kou ប៉ាន់ស្មានថាការផ្លាស់ប្តូរនេះនឹងជួយឱ្យឧបករណ៍រក្សាទម្រង់ស្តើងជាងមុន។ ដោយឡែកចំពោះកម្រាស់វិញមានត្រឹមតែ ៤.៥ ទៅ ៤.៨មីលីម៉ែត្រប៉ុណ្ណោះក្នុងស្ថានភាពលាត និង ៩ ទៅ ៩.៥ មីលីម៉ែត្រនៅពេលបត់។
គួរជម្រាបថា iPhone អេក្រង់បត់នឹងចាប់ផ្តើមដំណើរការផលិតដំបូងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ហើយការផលិតដ៏ធំត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។ ចំពោះតម្លៃវិញនឹងមានចន្លោះពី ២,០០០ ទៅ ២,៥០០ ដុល្លារ៕