(ភ្នំពេញ)៖ ផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យ រឿង «កុលាបប៉ៃលិន» ត្រូវបានសម្តែងជូនទស្សនិកទស្សនា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនកុះករ ធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាទស្សនីយភាពសម្ដែងដ៏រស់រវើកមួយនេះ កាលពីថ្ងៃទី០១ មីនា ២០២៥ កន្លងទៅ។

ដើម្បីជាចំណែកមួយក្នុងការទ្រទ្រង់ទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យ ដែលបានបាត់បង់អស់ពេលជាង ២០ឆ្នាំមកនេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកនៃធនាគារ ជីប ម៉ុង បានឧបត្ថម្ភទឹកប្រាក់ ១០លានរៀលទៅកាន់ នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈគណនីធនាគារ ជីប ម៉ុង។

ជារឿយៗអ្នកឧកញ៉ា លាង ម៉េង តែងតែមានវត្ដមាន ក្នុងការចូលរួមឧបត្ថម្ភគាំទ្រទៅកាន់មូលនិធិសិល្បៈជាហូរហែ។ ដោយថ្មីៗនេះនាឱកាសទិវាវប្បធម៌ជាតិ០៣មីនា ខួបលើកទី២៧ អ្នកឧកញ៉ា បានចូលរួមផ្សព្វផ្សាយ និងពាំនាំនូវសារដ៏សំខាន់នៃការចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិ ដែលក្នុងនោះអ្នកឧកញ៉ា មានប្រសាសន៍យ៉ាងមុតមាំថា យុវជនជំនាន់ក្រោយ គឺជាកតាលីករយ៉ាងសំខាន់ក្នុងការជម្រុញ ថែរក្សា សម្បតិ្ដវប្បធម៌ជាតិ ឱ្យនៅគង់វង្សយូរអង្វែងតទៅមុខទៀត។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតដោយកូនខ្មែរ១០០% មានប្រភពច្បាស់លាស់ និងផ្តល់សេវាហិរញ្ញវត្ថុដូចជាកម្ចី និងបញ្ញើទៅកាន់អតិថិជនប្រកបដោយជំនឿទុកចិត្ត ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានបទពិសោធន៍ធ្វើជំនួញជាច្រើនវិស័យ និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២៕