(ភ្នំពេញ)៖ តារាចម្រៀង អេមមី ដែលត្រូវបានមហាជនស្គាល់ថា ជាកូនស្រីសំណព្វចិត្តរបស់តារាចម្រៀងលោក ខាន់ ជេមស៍ ត្រៀមនឹងចេញ MV ចម្រៀងថ្មីដែលមានចំណងជើងថា «រាំឱ្យលះII» សម្រាប់នៅក្នុងឆ្នាំនេះ បន្ទាប់ពីបទចម្រៀងនេះបានផ្ទុះខ្លាំងកាលពីឆ្នាំមុន។
ដូចមហាជនបានដឹងស្រាប់ហើយថា បទចម្រៀង «រាំឱ្យលះ» របស់កញ្ញា អេមមី ពិតជាផ្ទុះខ្លាំងកាលពីនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំមុន ដោយបទចម្រៀងនេះមានការពេញនិយមច្រៀង និងចាក់រាំឡើងហុយដីនៅតាមកម្មវិធីនានា ជាពិសេសតាមបណ្ដាខេត្ត និងមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម Tiktok ច្រើនបំផុត។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រខ្លាំងពីមហាជនក្នុងបទចម្រៀងនេះ ផលិតកម្ម Galaxy Navatra បានសម្រេចផលិតជា MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា «រាំឱ្យលះII» សម្រាប់ក្នុងឆ្នាំ២០២៥។
តាមរយៈវិដេអូខ្លីៗដែលកញ្ញា អេមមី ទើបនឹងថតផុសបទចម្រៀង «រាំឱ្យលះII» កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងនូវការពេញចិត្ត និងចង់ឃើញបទចម្រៀងនេះក្នុងពេលឆាប់ៗ។ ជាក់ស្តែង មានអ្នកគាំទ្រជាច្រើនបានយកបទចម្រៀងនេះ ទៅលេងច្រើនក្នុងបណ្តាញសង្គម Tiktok។
បទ «រាំឱ្យលះ» ទាំងពីរ Version គឺជាស្នាដៃអ្នកនិពន្ធទំនុកច្រៀងឆ្នើមរបស់កញ្ញា យ៉ង់ ចន្ទនីតា និងអ្នកនិពន្ធបទភ្លេងសម្បូរបទពិសោធន៍ជោគជាំជាមួយតន្រ្តី លោក ឃ្លាំង កុម្ភៈ ព្រមទាំងមានការ Remix បន្ថែមឱ្យប្លែកអារម្មណ៍របស់លោក DeeJayz BL ធ្វើឱ្យចម្រៀងខាងលើកាន់តែទាក់ទាញចំណាប់អារម្មណ៍ពីយុវវ័យ និងមហាជន។
បទចម្រៀង «រាំឱ្យលះII» រដូវកាលទី២ គឺបានថតចប់រួចរាល់ហើយ ត្រៀមនឹងចេញផ្សាយក្នុងឆាប់ៗខាងមុខនេះ ដើម្បីត្រៀមអបអរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ មិនដឹងថា «រាំឱ្យលះII» របស់កញ្ញា អេមមី ថ្មី ប្លែក អស្ចារ្យកម្រិតណាទេ ដូច្នេះមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ក្នុងពេលឆាប់ៗនេះនៅក្នុងផលិតកម្មចម្រៀង Galaxy Navatra៕
https://www.facebook.com/share/v/15rnwAHVRF/?mibextid=wwXIfr