(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍មកថា ត្រូវបានបង្ខំឱ្យបើកដំណើរការ Sideloading ឬការដំឡើងកម្មវិធីនៅលើ App Store សម្រាប់អ្នកប្រើប្រាស់ iPhone ទាំងអស់នៅក្នុងប្រទេសប្រេស៊ីលក្នុងរយៈពេល ៣ខែបន្ទាប់ ឬប្រឈមមុខនឹងការផាកពិន័យប្រចាំថ្ងៃសម្រាប់ការមិនគោរពតាម។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។
នៅថ្ងៃពុធសប្តាហ៍នេះ ចៅក្រម Pablo Zuniga នៃតុលាការសហព័ន្ធប្រេស៊ីលបានបញ្ជាឱ្យ Apple អនុញ្ញាតឱ្យមានទីផ្សារកម្មវិធីភាគីទីបីនៅក្នុងប្រទេសក្នុងរយៈពេល ៩០ ថ្ងៃបន្ទាប់។ ប្រសិនបើ ក្រុមហ៊ុនមិនគោរពតាមដីការបស់តុលាការនោះ វាអាចប្រឈមនឹងការផាកពិន័យលើសពី ៤០,០០០ ដុល្លារក្នុងមួយថ្ងៃ។ ចៅក្រមបាននិយាយថា Apple បាន «អនុវត្តតាមកាតព្វកិច្ចស្រដៀងគ្នានេះរួចហើយនៅក្នុងប្រទេសផ្សេងដូចជាសហភាពអឺរ៉ុបជាដើម ដោយគ្មានផលប៉ះពាល់ និងការខូចខាតដែលមិនធ្វើបានចំពោះគំរូអាជីវកម្មរបស់ខ្លួននោះទេ»។ ពោលគឺ គំរូនេះកំពុងត្រូវបានវែកញែក ខណៈទាមទារឱ្យ Apple យល់ព្រមអនុញ្ញាតឱ្យមានហាងកម្មវិធីភាគីទីបី និងវិធីទូទាត់ជំនួសនៅក្នុងតំបន់ផ្សេងទៀត នៅក្នុងប្រទេសរបស់ខ្លួន។
យោងតាមរបាយការណ៍ចុះផ្សាយដោយ 9to5mac និង Valor Economic បានបង្ហាញ ចៅក្រម Zuniga បានលើកឡើងថា «ដែនកំណត់» ដែល Apple បានដាក់លើអ្នកអភិវឌ្ឍន៍អាចរារាំងគូប្រជែងនាពេលអនាគតមិនឱ្យចូលក្នុងទីផ្សារ។
ពាក្យបណ្តឹងប្រឆាំងការទុកចិត្តនេះ ត្រូវបានដាក់ជាលើកដំបូងក្នុងឆ្នាំ២០២២ ដោយនិយតករប្រេស៊ីល Conselho Administrativo de Defesa Economica ឬ CADE ។ បន្ទាប់ពីការស៊ើបអង្កេត និងការបដិសេធជាច្រើនលើកពី Apple នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ និយតករបានបើកសវនាការជាសាធារណៈជាថ្មីលើបញ្ហានេះ។
គួរជម្រាបថា Apple គ្រោងនឹងប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការសហព័ន្ធប្រេស៊ីល ដោយនិយាយថាការផ្លាស់ប្តូរដែលបានស្នើឡើងនឹងធ្វើឱ្យប៉ះពាល់ដល់ឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ iPhone និង iPad ទាំងស្រុង៕