(ភ្នំពេញ)៖ ស្របពេលមានការ ទទួលស្គាល់លើគុណភាព និងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ផលិតមីកញ្ចប់ឆ្អិនស្រាប់ នៅកម្ពុជាមួយនេះ បាននាំចេញផលិតផលមីជាតិ ទៅកាន់ទីផ្សារអន្តរជាតិ ប្រទេសកូរ៉េខាងត្បូង ដែលជាវឌ្ឍនភាពថ្មី ដ៏អស្ចារ្យមួយទៀតហើយ នាដើមឆ្នាំ២០២៥ បន្ទាប់ពីការនាំចេញទៅទីផ្សារ ក្រៅប្រទេសដំបូង កាលពីឆ្នាំ២០២១។

នេះជាមោទនភាពថ្មី នៃផលិតផលជាតិខ្មែរ លើវិសាលភាព ចែកចាយ និងនាំចេញទៅកាន់ទីផ្សារតំបន់អាស៊ីបូព៌ា។ ការបើកទំព័រ នៃដំណើរការនាំចេញ ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ឆ្លុះបញ្ចាំង ពីការជឿជាក់លើគុណភាពផលិតផលមីជាតិ ត្រូវបានប្រព្រឹត្តឡើង ដោយមានការរៀបចំសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នៅក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (រោងចក្រផលិតមីជាតិ) ដែលមានការចូលរួមជាអធិបតីភាពពីតំណាង ក្រសួងពាណិជ្ជកម្ម គណគ្រប់គ្រង នៃក្រុមហ៊ុន តំណាងក្រុមហ៊ុនចែកចាយពីប្រទេសកូរ៉េ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានឱ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិនេះពិតជាបានផ្តល់ ភាពវិជ្ជមានជាច្រើនដល់ផលិតផលមីជាតិ លើសពីនេះក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ ជឿជាក់លើគុណភាព និងរសជាតិ ផលិតផលមីជាតិ ស្របជាមួយតម្រូវការទីផ្សារ របស់ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ ការនាំចេញនេះបានផ្តល់ជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ផលិតផលមីជាតិ ក្នុងការបង្ហាញវត្តមានខ្លួនលើទីផ្សារអន្តរជាតិ ខណៈគុណភាព និងរសជាតិនេះ បានទទួលស្គាល់រួចជាស្រេច ពីសំណាក់ប្រជាជននៅក្នុងស្រុក។

លោកស្រី បានបន្តថា មីជាតិ បានផលិតឡើងក្នុងស្តង់ដារមួយ ដ៏ត្រឹមត្រូវ តាំងពីថ្ងៃបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យ ជាផលិតផលចំណីអាហារ ដែលគេគ្រប់គ្នាទទួលស្គាល់ ហើយការនាំចេញ ថ្ងៃនេះជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាលទៀត ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងជាង ៦ឆ្នាំកន្លងមកនេះ ដើម្បីលើកកម្ពស់ផលិតផលស្រុក និងវិស័យចំណីអាហារ វេចខ្ចប់នៅកម្ពុជា។

លោក ឈែ ជុងម៉ូន នាយកប្រតិបត្តិ ក្រុមហ៊ុន Ringpang Co., Ltd តំណាងដៃគូចែកចាយមីជាតិ ទៅប្រទេសកូរ៉េខាងត្បូង បានថ្លែងថា៖ «ខ្ញុំបាទពិតជាមានក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃ លែងសម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនមីជាតិ លើកដំបូងនាំចេញ ទៅកាន់ប្រទេសកូរ៉េ ។ ដើម្បីបំពេញនូវលក្ខខណ្ឌក្នុងការនាំចេញ កម្រិតគុណភាព និងសុវត្ថិភាពចំណីអាហាររបស់មីជាតិ ត្រូវបានឆ្លងកាត់ការសិក្សា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត ដោយក្រសួង និង ស្ថាប័នពាក់ព័ន្ធ លើបទដ្ឋានស្តង់ដារ ដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាព និងគុណភាព»។

លោកបន្តថា នៅប្រទេសកូរ៉េ មានផលិតផលមីក្នុងស្រុក និងមី នាំចូលរាប់សិបស្លាកសញ្ញា ដែលនាំចូលពីបណ្តាប្រទេសជាច្រើនរួមមាន៖ ជប៉ុន ចិន វៀតណាម ជាដើម ប៉ុន្តែ លោកមិនទាន់បានឃេីញមាននូវវត្តមានមីកញ្ចប់ របស់ប្រទេសកម្ពុជានោះទេ។

«ការនាំចេញនេះ មានបំណងចង់ពាំនាំ នូវអនុស្សាវរីយ៍ និងការចងចាំនៃរសជាតិ ស្រុកកំណើតជូនដល់ប្រជាជនកម្ពុជា ចំនួន ១០ម៉ឺននាក់ ដែលកំពុងរស់នៅ ក្នុងប្រទេសកូរ៉េ និងចង់ណែនាំនូវផលិតផលមីកញ្ចប់ថ្មី រសជាតិឈ្ងុយឆ្ងាញ់មួយនេះ ជូនប្រជាជនកូរ៉េផងដែរ»។ នេះជាការលើកឡើងរបស់នាយកប្រតិបត្តិ ក្រុមហ៊ុន Ringpang។

លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនដែលបានចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា ដោយបានអនុវត្តនូវអភិក្រម រួមមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ការផលិត ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន និងការបំពេញបាននូវលក្ខខណ្ឌតម្រូវ ផ្នែកគុណភាព និងសុវត្ថិភាពដោយដាក់ឱ្យអនុវត្តនូវប្រព័ន្ធ ISO22000:2018, ប្រព័ន្ធ ISO9001:2015, ប្រព័ន្ធ GHPs និងប្រព័ន្ធ HACCP ជាដើម។

ក្នុងឱកាសនេះដែរ លោកបានគូសបញ្ជាកថា៖ «ខ្ញុំបាទសូមចូលរួមអបអរសាទរ ប្រកបដោយមោទនភាពជាមួយមីជាតិ ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដែលអាចនាំចេញមីជាតិ ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងបានបន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ ស្របតាមបទដ្ឋាន អនុញ្ញាត និងបទប្បញ្ញត្តិពាក់ព័ន្ធ របស់សាធារណៈរដ្ឋកូរ៉េ។ សង្ឃឹមថាក្រុមហ៊ុននឹងបន្តពង្រីកទីផ្សារ ទៅកាន់បណ្តា ប្រទេសផ្សេងទៀតនៅពេលខាងមុខ»

គួរបញ្ជាក់ថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាក្រុមហ៊ុនផលិតមីជាតិ បង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមានរោងចក្រផលិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ មីជាតិមានរសជាតិប្រាំជម្រើសរួមមាន មីជាតិខគោគ្រឿងខាប់រសជាតិដើម មីជាតិសាច់ជ្រូកចិញ្រ្ចាំ មីជាតិឆាស៊ុតមាន់ មីជាតិម្ជូរបង្គា និងមីជាតិគ្រឿងសមុទ្រគោក ដែលរសជាតិទាំងប្រាំនេះត្រូវបានឆ្លងកាត់ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ផ្ចិតផ្ចង់ សម្រិតសម្រាំង ព្រមជាមួយការផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បីផ្តល់នូវផលិតផលគុណភាពខ្ពស់ មានអនាម័យ ជាមួយនឹងរសជាតិខ្មែរពិតៗ ដូចទៅនឹងពាក្យស្លោករបស់មីជាតិ «ស្នាដៃខ្មែរ រសជាតិខ្មែរ»