(ប​រទេស)៖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nissan ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ ដើម្បីពិភាក្សាអំពីអ្នកស្នងតំណែងសម្រាប់នាយកប្រតិបត្តិលោក Makoto Uchida ខណៈដែលមុខតំណែងរបស់គាត់ត្រូវបានគេមើលឃើញមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ដោយសារតែដំណើរការខ្សោយរបស់ក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយ​ CNA នៅថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២៥។

យ៉ាងណាមិញ ក្នុង​ចំណោម​បេក្ខជន​ដែល​ត្រូវ​បាន​គេ​ពិចារណា​រួមមាន​លោក Jeremie Papin ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និង​លោក Ivan Espinosa ជា​ប្រធាន​ផ្នែក​ផែនការ។ តែយ៉ាងណា ឱកាសរបស់ពួកគេហាក់នៅមិនទាន់ប្រាកដប្រជានៅឡើយនោះទេ ខណៈក្រុមប្រឹក្សាភិបាលកំពុងពិចារណាពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងកំហុសក្នុងការគ្រប់គ្រងបច្ចុប្បន្ន។

គួរជម្រាបថា ប្រភពរាយការណ៍ពីព័ត៌មាននេះមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ​ ហើយអ្នកតំណាងក្រុមហ៊ុន Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ យ៉ាងណា ការផ្លាស់ប្តូរនេះគឺដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ Nissan មិនមានភាពច្បាស់លាស់ដែលបណ្តាលឱ្យមានការរង្គោះរង្គើរក្នុងក្រុមហ៊ុនចាប់តាំងពីការចាកចេញរបស់អតីត CEO លោក Carlos Ghosn កាលពីឆ្នាំ២០១៨៕