(ភ្នំពេញ)៖ លោក សេង ធារិន ប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា បានបង្ហាញពីគោលការងារជាច្រើន ដែលសហព័ន្ធក្មេងខ្ចីមួយនេះ ត្រូវពួតគ្នាជំរុញការអភិវឌ្ឍឆ្ពោះទៅរកភាពរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិបន្ថែមទៀត។
នេះបើតាមការលើកឡើងក្នុងពិធីបើកការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែមីនានេះ ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិត សាន់តូ ដាម៊ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជាផងដែរ។
ប្រធានសហព័ន្ធខាងលើ បានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍន៍របស់កីឡាបញ្ចស៊ីឡាត់ក្នុងប្រទេសកម្ពុជា ដោយបានប្រមូលផ្តុំនូវអត្តពលិកឆ្នើម ដើម្បីបង្ហាញពីជំនាញ វិន័យ និងស្មារតីពិតនៃសិល្បៈក្បាច់គុនមានប្រភពពីឥណ្ឌូនេស៊ីនេះ។
លោកបន្ដថា «បញ្ចស៊ីឡាត់ គឺមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ គឺជាមរតកអរូបិយមួយរបស់មនុស្សជាតិ ហើយមានប្រវត្តិយូរលង់ ដែលមានជាប់ពាក់ព័ន្ធជាមួយជនជាតិខ្មែរ តាំងសម័យបុរាណ ដែលក្នុងនោះបានបង្កប់នូវប្រពៃណី ទំនៀមទម្លាប់មួយចំនួន ដែលមានភាពប្រហាក់ប្រហែលគ្នារបស់ជនជាតិខ្មែរ និងឥណ្ឌូនេស៊ី»។
ជាមួយគ្នាលោក សេង ធារិន បានបន្ថែមថា ទោះបីសហព័ន្ធសម្រេចបានសមិទ្ធិផលជាច្រើន ចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេម រហូតដល់បច្ចុប្បន្ន តែមិនទាន់ស្របតាមតម្រូវការ និងគោលដៅសហព័ន្ធចង់បានឡើយ ដោយមានកិច្ចការជាច្រើនទៀត ដែលសហព័ន្ធត្រូវដាក់ចេញជាគោលការណ៍ ដើម្បីធានាបានការអភិវឌ្ឍន៍ប្រកបដោយនិរត្តរ៍ភាព និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យកីឡា។
កិច្ចការជាច្រើន ដែលលោកបានបង្ហើបខាងលើ រួមមាន៖ ការពង្រីបន្ថែមការចូលរួមពីសមាគ/ក្លិបបញ្ចស៊ីឡាត់។ បន្ថែមការផ្សព្វផ្សាយអំពីគុណតម្លៃនៃការលេងកីឡាបញ្ចស៊ីឡាត់។ បង្កើតវគ្គបណ្តុះបណ្តាលចំពោះអត្តពលិក និងមន្ត្រីបច្ចេកទេស។ ជំរុញឲ្យមន្ត្រីបច្ចេកទេសរបស់សហព័ន្ធទទួលអាជ្ញាប័ណ្ណ (License) កម្រិតអន្តរជាតិ និងគ្រូកម្រិតអន្តរជាតិ។ រៀបចំកម្មវិធីហ្វឹកហាត់ និងទីតាំងហ្វឹកហាត់ស្តង់ដា។ រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាប្រចាំឆ្នាំឲ្យបានទៀងទាត់ និងកាប្រកួតមិត្តភាពនានា។ ពង្រីកលទ្ធភាពក្នុងការបញ្ចូនអត្តពលិក ចូលរួមការប្រកួតនៅក្រៅប្រទេស។ ការសម្រួចគោលដៅរយៈពេលខ្លី ក្នុងការដណ្តើមមេដាយស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាដើម។
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ មារនយៈពេល ២ថ្ងៃ នៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៥ ដោយមានកីឡាករ-កីឡាការិនី ១២៧នាក់ មកពី ២២សាលាគុន ស្មើនឹង ៩រាជធានី-ខេត្តចូលរួមប្រកួត។ លោកថា ការប្រកួតនេះ ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធជំរុញរៀបចំឡើង ដើម្បីជាការបោះជំហានមួយទៀត ក្នុងការប្រមូលផ្ដុំអត្តពលិកមានទេពកោសល្យក្នុងការលេងកីឡានេះ និងផ្សព្វផ្សាយពីកីឡាបញ្ចស៊ីឡាត់ឲ្យកាន់តែរីកចម្រើន ពិសេសប្រមូលផ្ដុំបានធនធានឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិនានា៕