(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ «ពានរង្វាន់សតវត្សរ៍នៃព្រះធម៌» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងថៃ នឹងចូលមកដល់នៅល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ ខណៈលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាសហស្ថាបនិករៀបចំ រំពឹងព្រឹត្តិការណ៍នេះ ក្រុមបាល់ទាត់ចូលរួមទាំង៤ នឹងទទួលបានជ័យជម្នះទាំងអស់គ្នា គឺការឈ្នះនូវសន្ដិភាព។

នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពខាងលើ នៅសណ្ឋាគារសូហ្វីតែល នាល្ងាចថ្ងៃទី០៧ ខែមីនានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមប្រដាល់គុនខ្មែរ ក៏ដូចជាក្រុមបាល់ទាត់តារាថៃ និងក្រុមប្រដាល់មួយថៃ ដែលជាការជួបជុំ និងស្វែងយល់ច្បាស់ពីគោលបំណងនៃការប្រកួតមិត្តភាពកម្ពុជា-ថៃថ្ងៃស្អែក ក្រោមវត្ដមានលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ។

លោក ខូវ ឆាយ បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះការប្រកួតមិត្តភាពជាប្រវត្តិសាស្ដ្រនេះ ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ។ លោកជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងបង្កើតបាននូវវប្បធម៌នៃការរស់នៅដោយសុខសន្ដិភាពរបស់ប្រជាជនប្រទេសទាំងពីរ ដែលមានប្រវត្តិ វប្បធម៌ និងអរិយធម៌ស្រដៀងគ្នា។ ដូច្នេះទោះបីការប្រកួតកីឡា ធម្មតាតែងមានឈ្នះចាញ់ តែការប្រកួតនេះ ក្រុមទាំងអស់ នឹងឈ្នះទាំងអស់គ្នា គឺឈ្នះនូវសន្ដិភាព។

លោកបន្ដថា «អ្វីដែលយើងត្រូវតែឈ្នះ គឺយើងឈ្នះនូវអំពើល្អ គឺយើងឈ្នះនូវសន្ដិភាព ដែលយើងមិនអាចចាញ់បានទេ ព្រោះសន្ដិភាព គឺពិបាករកណាស់។ សន្ដិភាព ត្រូវពលីសាច់ស្រស់ ឈាមស្រស់ ត្រូវពលីជីវិតមនុស្សមិនតិចទេ ដើម្បីដណ្ដើមសន្ដិភាពមកជួយប្រទេសជាតិ។ ដូច្នេះយើងត្រូវចូលរួមថែរក្សាសន្ដិភាពទាំងអស់គ្នា តាមរយៈការបង្កើតនូវវប្បធម៌សន្ដិភាព រវាងគ្នា និងគ្នា និងចំពោះប្រទេសជិតខាង ទាំងកម្ពុជា ថៃ វៀតណាម ឡាវ និងប្រទេសជាប់ព្រំដែនជាដើម គឺយើងត្រូវបង្កើតវប្បធម៌មួយ ដែលអាចរួមរស់ក្នុងសន្ដិភាពជាមួយគ្នា»។

ជាមួយគ្នាលោក ឃ្លាំង ហួត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយក្រុមបាល់ទាត់ទាំង៤ ដែលលោកចាត់ទុកជាក្រុម និងជាកីឡាករប្រវត្តិសាស្ដ្រ ដែលបានចូលរួមប្រកួតដើម្បីអបអរសាទរ និងរឹតចំណងមិត្តភាពការទូតកម្ពុជាថៃ។ ក្នុងស្មារតីនេះ លោកសង្ឃឹមយ៉ាងមុតមាំថា កីឡាករទាំងអស់ ទាំងក្រុមតំណាងកម្ពុជា និងថៃ នឹងលេងដោយមោទនភាពទាំងអស់គ្នា។

លោកបន្ដថា «កីឡាប្រឹងហើយដើម្បីឈ្នះ តែអត្ថន័យសម្រាប់ការប្រកួតស្អែកនេះ គឺសម្រាប់អ្នកឈ្នះទាំងអស់គ្នា ហើយយើងគឺជាកីឡាករប្រវត្តិសាស្ដ្រ ដែលបានមកលេងបាល់ទាត់ ក្នុងនាមទំនាក់ទំនងការទូតកម្ពុជា-ថៃ រយៈពេល ៧៥ឆ្នាំ ដែលនឹងមានការផ្សព្វផ្សាយ ទាំងសារព័ត៌មានកម្ពុជា និងថៃ។ យើងជាកីឡាករចូលរួម ត្រូវយល់ ហើយមានមោទនភាព ដែលបានកសាងនូវមិត្តភាពសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ នៅល្ងាចថ្ងៃទី៨ ខែមីនាស្អែកនេះ គឺមាន ២ប្រកួត រួមមានប្រកួតទី១ ក្រុមបាល់ទាត់គុនខ្មែរ ជួបក្រុមបាល់ទាត់មួយថៃ និងប្រកួតទី២ ក្រុមបាល់ទាត់តារាកម្ពុជា ជួបក្រុមបាល់ទាត់តារាថៃ ហើយការប្រកួតនេះ ក៏នឹងមានការចូលរួមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃផងដែរ៕