(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី៨ ខែមីនានេះ បានរៀបចំទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ(Women’s Run 10K) ឆ្នាំ២០២៥ នៅសួនច្បារមុខវត្តបទុមវតី ដើម្បីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨មីនា ដោយមានកីឡាករ-កីឡាការិនីជាតិ-អន្ដរជាតិជាង ៣,០០០នាក់ចូលរួម។
ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍នេះ ជាចលនាមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអនុភាពរបស់ស្ត្រីក្នុងសកម្មភាពកីឡា ជាមួយប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ដ្រី» ដែលធ្វើឡើងដើម្បីអបអរសាទរទិវាអន្ដរជាតិនារីឆ្នាំនេះ ។
ជាមួយគ្នានោះ ក្នុងនាមប្រធានគណៈកម្មការស្ដ្រី និងកីឡា លោកស្រីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយឃើញប្រជាពលរដ្ឋទាំងចាស់ក្មេង ចូលរួមព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ក្នុងឆ្នាំ២០២៥ នេះយ៉ាងច្រើនកុះករ ដែលមានចំនួនច្រើនជាង ៣០០០នាក់។ នេះជាការបង្ហាញឲ្យឃើញពីការផ្តោតលើវិស័យកីឡា ការគិតគូរពីសុខភាព និងការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីលើកស្ទួយសង្គមជាតិឲ្យកាន់តែរីកចម្រើន។
ជាមួយគ្នាលោក Loke Kah Meng តំណាងក្រុមហ៊ុនដៃគូរៀបចំ ក៏បានបង្ហាញនូវមោទកភាព ក្នុងការសហការជាមួយ NOCC ក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ ៤ឆ្នាំកន្លងមក ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកជួយដល់ការងារសង្គម ដ្បិតថវិកាមួយផ្នែកទទួលបានពីការចុះឈ្មោះ នឹងត្រូវបរិច្ចាគដល់អង្គការមនុស្សធម៌ រួមមានមជ្ឈមណ្ឌលវិបត្តិស្ត្រីកម្ពុជា (CWCC) និង Women Are Gold (WAG) ជាដើម ៕