(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា រដ្ឋបាល Trump កំពុងពិចារណាលើការហាមប្រាមលើ AI chatbot DeepSeek របស់ចិនពីការប្រើប្រាស់នៅលើឧបករណ៍របស់រដ្ឋាភិបាល ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។

ប្រភពពីកាសែត Wall Street Journal បានរាយការណ៍ថា មន្រ្តីសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការគ្រប់គ្រងរបស់ DeepSeek លើទិន្នន័យអ្នកប្រើប្រាស់ ខណៈដែលក្រុមហ៊ុននេះបាននិយាយថា ខ្លួនរក្សាទុកទិន្នន័យនៅក្នុងម៉ាស៊ីនមេដែលមានទីតាំងនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ រដ្ឋបាល Trump ក៏កំពុងវាយតម្លៃលទ្ធភាពនៃការហាមឃាត់កម្មវិធី DeepSeek ពីហាងកម្មវិធីដែលដំណើរការដោយក្រុមហ៊ុនធំៗដូចជា Apple និង Google ផងដែរ។

ត្រឹមរយៈពេលដ៏ខ្លីម៉ូដែល AI ដែលមានតម្លៃទាបរបស់ចិន DeepSeek បានធ្វើឱ្យកក្រើកនៅក្នុងទីផ្សារភាគហ៊ុនពិភពលោកនៅក្នុងខែមករា។ ប៉ុន្តែធ្វើវិនិយោគិនព្រួយបារម្ភថា ការមកដល់របស់វាអាចគំរាមកំហែងដល់អ្នកដឹកនាំទីផ្សារ AI បច្ចុប្បន្ន។

គួរជម្រាបថា ចំណាត់ការនេះធ្វើតាមសកម្មភាពស្រដៀងគ្នាដូចទៅនឹងប្រទេសផ្សេងទៀតដូចជា តៃវ៉ាន់ កូរ៉េខាងត្បូង អូស្ត្រាលី និងអ៊ីតាលី ដែលបានដាក់កម្រិត ហាមឃាត់ DeepSeek សម្រាប់បុគ្គលិករដ្ឋាភិបាល។ ទាក់ទិននឹងរបាយការណ៍នេះ ប្រភពបានបញ្ជាក់ថា នៅថ្ងៃព្រហស្ប៍ក្រុមមេធាវីរដ្ឋចំនួន ២១នាក់បានស្នើឱ្យសភាអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីរារាំងឧបករណ៍រដ្ឋាភិបាលពីការទាញយក និងប្រើប្រាស់កម្មវិធី DeepSeek៕