(ភ្នំពេញ)៖ ជាទូទៅស្ថានភាពបច្ចុប្បន្ន កម្ពុជា មានការវិវត្តសង្គមពីមួយកម្រិត ទៅមួយកម្រិតស្របពេលវិវាទផ្សេងៗ កាន់តែកើនឡើង ក្នុងនោះវិវាទពាណិជ្ជកម្មក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ នៅពេលដែលមានវិវាទពាណិជ្ជកម្មកើតឡើង ពាណិជ្ជករ អាចមានជម្រើសដោះស្រាយវិវាទរបស់ខ្លួនតាមរយៈប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។

ដោយឡែក ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ដែលនីតិវិធីមានភាពស្មុគស្មាញ និងច្រើនដំណាក់កាល ចំណាយពេលវេលាយូរ ដែលជាហេតុធ្វើឱ្យមានផលពិបាកសម្រាប់ភាគីវិវាទ ឬភាគីពាក់ព័ន្ធផ្សេងទៀត។ ផលពិបាកទាំងនេះ ជាចំណែកមួយឈានដល់ការជ្រើសរើសយកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានក្លាយជាជម្រើសដ៏ល្អមួយសម្រាប់ភាគីវិវាទ ក្នុងការបញ្ចប់វិវាទរបស់ខ្លួន ហើយអាចទុកលទ្ធភាពឱ្យភាគីវិវាទចរចាគ្នាដោយសន្តិវិធីផងដែរ។

ការដោះស្រាយវិវាទពាណិជ្ជកម្មភាគច្រើនត្រូវបានទទួលស្គាល់ និងជំរុញឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីធានានូវចំណុះសេរីភាពឆន្ទៈ រក្សាការសម្ងាត់ និងរក្សាទំនាក់ទំនងល្អជាមួយភាគីវិវាទ ឬភាគីពាក់ព័ន្ធផងដែរ។

តើការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជាអាចប្រព្រឹត្តទៅបានផ្អែកតាមយន្តការណាខ្លះ?

ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្ដីពី «ការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ» មកបកស្រាយជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម៖

និយមន័យពាក្យ ពាណិជ្ជកម្ម សម្តៅដល់ទំនាក់ទំនងដែលទាក់ទងទៅនឹងការធ្វើជំនួញ ឬសកម្មភាពលក់ដូរប្រចាំថ្ងៃ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ឬមនុស្សច្រើននាក់ ដើម្បីស្វែងរកប្រាក់ចំណេញ។ ពាក់ព័ន្ធទៅនឹងវិវាទពាណិជ្ជកម្មមានដូចជា៖ កិច្ចការជំនួញផ្គត់ផ្គង់ទំនិញ, កិច្ចព្រមព្រៀងលក់-ទិញ, ការលក់-ទិញភាគហ៊ុន, ការចេញអាជ្ញាប័ណ្ណ, ការវិនិយោគទុន,ការធានារ៉ាប់រ៉ង និងការធ្វើអាជីវកម្មនៅតាមទីផ្សារផ្សេងៗទៀត ជាអាទិ៍។

សព្វថ្ងៃ យើងសង្កេតឃើញមានយន្តការចំនួន ០២ ដែលដោះស្រាយវិវាទពាណិជ្ជកម្ម គឺ៖ (១)៖ មជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) និង (២)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលមានលក្ខណៈទំនើប ផ្លូវការ ប្រសិទ្ធភាព និងមានអានុភាពអនុវត្តដូចតុលាការដែរ។

១. មជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)

យោងតាមច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលជាស្ថាប័នឯករាជ្យមួយ សម្រាប់ដោះស្រាយវិវាទពាណិជ្ជកកម្ម តាមរយៈការផ្សះផ្សាតែប៉ុណ្ណោះ ដែលដើរនាទីយ៉ាងសំខាន់ធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិបទវិនិយោគ។ ពាណិជ្ជករ និងរដ្ឋាភិបាលក្នុងតំបន់ បានជ្រើសយកមជ្ឈត្តការ ដោយសារតែវាមានភាពបត់បែន ការបញ្ចប់ជាស្ថាពរ ការចំណាយតិច ភាពអាចអនុវត្តដោយបង្ខំបាន អព្យាក្រឹត្យ ភាពជាអន្តរជាតិ និងភាពសម្ងាត់។ មជ្ឈត្តការ អាចប្រព្រឹត្តទៅបានដោយអនុលោមតាមច្បាប់ ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៦ និងវិធានស្តីពី មជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលត្រូវបានអនុម័តនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ វេទិកាមជ្ឈត្តការ មានមជ្ឈត្តករចំនួនមួយរូប ឬច្រើនរូប ដែលត្រូវជ្រើសរើសដោយគូភាគីវិវាទ ឬគណៈកម្មាធិការតែងតាំងរបស់ម.ជ.ម ម៉្យាងវិញទៀត ដំណើរការមជ្ឈត្តការតម្រូវឱ្យមានសវនាការមួយដែលស្រដៀងគ្នាទៅនឹងតុលាការដែរ ហើយតម្រូវឱ្យគូភាគីវិវាទ ធ្វើសេចក្តីថ្លែងបើកដោយបញ្ជាក់ពីអង្គហេតុ និងអង្គច្បាប់។ បន្ទាប់មកភាគីវិវាទអាចធ្វើការបង្ហាញសាក្សី និងឯកសារជាភស្តុតាងរបស់ខ្លួនបាន នៅចុងបញ្ចប់នៃមជ្ឈត្តការ បន្ទាប់ពីភាគីវិវាទព្រមព្រៀងសះជាគ្នា ម.ជ.ម នឹងចេញសេចក្តីសម្រេចមួយ ហើយសេចក្តីសម្រេចនោះ ហៅថាមជ្ឈត្តវិនិច្ឆ័យ ដែលចងភ្ជាប់ កាតព្វកិច្ចរវាងគូភាគីវិវាទ ហើយគូភាគីវិវាទត្រូវអនុវត្តតាមមជ្ឈត្តវិនិច្ឆ័យនេះ។

២. អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការថ្នាក់ជាតិមួយដែលទើបតែបង្កើតថ្មី ក្នុងគោលបំណងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានបេសកកម្មដោះស្រាយវិវាទរដ្ឋប្បវេណី និងវិវាទដទៃទៀតតាមច្បាប់កំណត់ ជាពិសេសនោះ គឺវិវាទពាណិជ្ជកម្ម។ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់ ការដោះស្រាយវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក គឺមានមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជាអ្នកអព្យាក្រឹត្យ និងរក្សាការសម្ងាត់។ ការផ្សះផ្សាវិវាទនោះ ត្រូវអនុលោមតាមក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ដែលមានចែងក្នុងសេចក្តីសម្រេចលេខ ០០៦/២៤ សសរ.អ.ដ.ក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ការសម្រុះសម្រួលផ្សះផ្សាវិវាទ អាចដំណើរការបានតាមរយៈការស្នើសុំរបស់ភាគីវិវាទ ឬភាគីវិវាទទទួលយកការយកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ ម្យ៉ាងវិញទៀតក្នុងកិច្ចដំណើរការនោះ ត្រូវផ្តល់ឱ្យភាគីវិវាទនូវឱកាសព្រមព្រៀងដោះស្រាយវិវាទដោយសន្តិវិធី និងដោយគ្មានការធ្វើការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ។ ក្នុងករណីភាគីវិវាទព្រមព្រៀងសះជាបញ្ចប់វិវាទនឹងគ្នា មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ។ លើសពីនេះ ចំណុចពិសេសរបស់ អ.ដ.ក គឺមានកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានតម្លៃគតិយុត្តដូចលិខិតយថាភូត ព្រមទាំងមានអានុភាពអនុវត្តដូចគ្នានឹងសាលក្រមស្ថាពររបស់តុលាការ និងត្រូវចាត់ទុកជាលិខិតអនុវត្ត ដូចមានចែងក្នុងចំណុច ឈ នៃកថាខណ្ឌទី២ នៃមាត្រា ៣៥០ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ គួរបញ្ជាក់ផងដែរថា ការដោះស្រាយវិវាទពាណិជ្ជកម្មនៅ អ.ដ.ក ជាយន្តការថ្មីរបស់រដ្ឋាភិបាលអាណត្តិទី៧ ដោយពុំតម្រូវឱ្យមានចំណាយថ្លៃសេវាឡើយ។

សរុបសេចក្តីមក យន្តការទាំងពីរខាងលើនេះគឺវិធីជាដោះស្រាយដែលល្អបំផុតសម្រាប់វិស័យពាណិជ្ជកម្ម។ ការដោះស្រាយនេះមានភាពងាយស្រួល រហ័ស មិនស្មុគស្មាញ និងចំណាយតិច ជាងនីតិវិធីតាមប្រព័ន្ធតុលាការ។ តួយ៉ាង នេះជាយន្តការ ដែលពេញនិយមក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ហើយក៏បានជួយសម្រួលដល់តុលាការបានមួយកម្រិត ដោយភាគីវិវាទភាគច្រើនជ្រើសរើសយន្តការទាំងនេះក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ព្រោះយល់ឃើញថាការដោះស្រាយនេះមានភាព ឆាប់រហ័ស គុណភាព និងមានអនុភាពដូចលិខិតអនុវត្តនៅតុលាការដែរ។

រៀបរៀងដោយ៖ លោកមេធាវី ប៉ូល គីមសេង និងកញ្ញា ឃាន លក្ខិណា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕