(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ចុះហត្ថលេខាទូតសុច្ឆន្ទៈ ជាមួយក្រុម Flash KH ដែលជាក្រុម E-sports ដ៏ល្បីមួយនៅកម្ពុជា និងមានអ្នកគាំទ្រជាច្រើន។ កម្មវិធីដ៏ពិសេសនេះ ធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅផ្សារទំនើប AEON 3 ដោយមានការអញ្ជើញចូលរួមពីនាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស សមាជិកក្រុម Flash KH និងអ្នកគ្រាំទ្រប្រមាណជាង២០០នាក់។
លោក Jinwook Lee នាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស លើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះ ពួកយើងប្រកាសទូតសុច្ឆនៈដំបូងរបស់យើងគឺ Flash KH ដែលជាក្រុម E-sports កំពូលមួយរបស់កម្ពុជា ដែលត្រូវបានគេស្គាល់ថា មានទេពកោសល្យ ការតាំងចិត្ត និងការប្តេជ្ញាចិត្តដើម្បីជោគជ័យ ជាមួយនឹងយុទ្ធសាស្ត្រក្នុងការប្រគួត ការធ្វើការងារជាក្រុម និងការចូលរួមគាំទ្រក្នុងវិស័យ E-sports។
E-sports គឺជាកីឡាអេឡិចត្រូនិច ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទាមទារការយកចិត្តទុកដាក់ ជំនាញ និងអំណត់តស៊ូ ដែលសមស្របនឹងភេសជ្ជៈប៉ូវកម្លាំងបាកាស។ នេះបើតាមការលើកឡើងរបស់ លោក Jinwook Lee។
លោក Jinwook Lee បញ្ជាក់ថា តាមរយៈការចាប់ដៃគូជាមួយ Flash KH ក្រុមហ៊ុនភេសជ្ជៈបាកាស មានគោលបំណង គាំទ្រដល់ការរីកចម្រើននៃកីឡាអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជំនាន់ថ្មីដែលមានឆន្ទៈខ្ពស់ ជាជំនាន់ដែលប្រើប្រាស់បចេ្ចវិជ្ជាបញ្ញាសិប្បនិម្មិត (AIGeneration) ដែលត្រូវការបំពេញថាមពល ដើម្បីផ្តោតអារម្មណ៍ក្នុងការប្រកួតឱ្យអស់ពីសមត្ថភាព។
បើតាមការលើកឡើង របស់លោក Jinwook Lee, ចក្ខុវិស័យរបស់ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺផ្តល់ជូននូវភេសជ្ជៈ ប៉ូវកម្លាំងដ៏ពិតប្រាកជ ជាមួយនឹងគុណភាព ប្រសិទ្ធភាព និង ការជឿទុកចិត្តពីអតិថិជន ក៏ដូចជាការយល់ច្បាស់ពីតម្រូវការរបស់អតិថិជនរបស់ខ្លួន។
ជាមួយគ្នានេះ លោក Jinwook Lee គូសរំលេចពី អត្ថប្រយោជន៍ និងដើមកំណើតរបស់ភេសជ្ជៈប៉ូវកម្លាំង បាកាស ថា ជាភេសជ្ជៈប៉ូវកម្លាំងរបស់ប្រទេសកូរ៉េ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន ឱសថដ៏ធំមួយរបស់ប្រទេសកូរ៉េ និងណែនាំជាលើកដំបូងនៅក្នុងប្រទេសកូរ៉េចាប់តាំងពីឆ្នាំ 1963 ដោយផ្ដោតទៅលើគុណភាព និងប្រសិទ្ធិភាព។
លោក តែ តេកហេង General Manager និងជាអ្នកតំណាងក្រុម Flash KH បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងជឿជាក់លើភេសជ្ជៈប៉ូវកម្លាំងបាកាស ក្នុងការបំពេញថាមពលដល់ពួកយើងក្នុងការសិក្សា និងរាល់ការប្រកួត ដោយសារពួកយើងបានញ៉ាំដោយផ្ទាល់ ហើយពួកយើងបានទទួលស្គាល់ថា ភេសជ្ជៈប៉ូវកម្លាំងបាកាសពិតជាមានប្រសិទ្ធភាពខ្ពស់ទៅលើការផ្ដល់ថាមពលដល់រាងកាយ ជំនួយស្មារតីក្នុងការបើកបរ ជំនួយដល់ខួរក្បាលបានភ្លាមៗ គ្រប់ពេលវេលាដែលយើងត្រូវការ និងនាំឱ្យពួកយើងជម្នះរាល់ឧបសគ្គ»។
សូមជម្រាបថា បាកាសជាភេសជ្ជៈប៉ូវកម្លាំងរបស់ប្រទេសកូរ៉េ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន ឱសថដ៏ធំមួយរបស់ប្រទេសកូរ៉េ និងណែនាំជាលើកដំបូងនៅក្នុងប្រទេសកូរ៉េចាប់តាំងពីឆ្នាំ 1963 ដោយផ្ដោតទៅលើគុណភាព និងប្រសិទ្ធិភាពខ្ពស់៕