(ឡុងដ៍)៖ អ្នកគាំទ្ររាប់ពាន់នាក់ចេញមកជួបជុំគ្នា ដើម្បីតវ៉ាប្រឆាំងលក្ខណៈទ្រង់ទ្រាយធំទៅនឹងសហម្ចាស់ក្លិបបច្ចុប្បន្ន គឺគ្រួសារត្រកូល Glazer បន្ទាប់ពីក្លិបមិនទទួលបានផ្លែផ្កាអ្វីសោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ពួកគេបានជួបជុំគ្នា ដើម្បីដើរតម្រង់ទៅកីឡដ្ឋាន Old Trafford មុនបិសាចក្រហមប្រកួតទល់នឹងកាំភ្លើងធំ Arsenal ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១។

ក្រុមអ្នកគាំទ្រទាំងនោះបានលើកបដា ដុតកាំជ្រួច ថែមទាំងច្រៀងចម្រៀង ក្នុងន័យឌឺដងដល់ម្ចាស់ក្លិបរបស់ពួកគេរួមមានលោក Joel Glazer និងលោក Ratcliffe ផងដែរ ដែលទើបចំណាយលុយប្រមាណ ១.៣ពាន់លានផោន ដើម្បីទិញយកភាគហ៊ុន ២៨.៩៤% ក្នុងក្លិបនេះមកកាន់កាប់តាំងពីឆ្នាំទៅ។

ក្នុងនាមសហម្ចាស់ក្លិបថ្មីដែលមានសិទ្ធិកាន់កាប់ភាគហ៊ុនជិត ៣០% នេះដែរ មហាសេដ្ឋីអង់គ្លេសខាងលើមានសិទ្ធិសម្រេចផ្សេងៗ និងដឹកនាំក្លិបដោយផ្ទាល់ផងដែរ ជាពិសេសពីការទិញ-ដូរកីឡាករ និងកាត់បន្ថយបុគ្គលិកជាដើម។

លើសពីនេះទៀត អ្នកគាំទ្រក៏បានស្រែកច្រៀងនូវចម្រៀង ក្នុងន័យប្រឆាំងទៅនឹងសំបុត្រចូលទស្សនាឡើងថ្លៃទៀតផង ដោយពុំមានដំណោះស្រាយឡើយ រហូតមកទល់ពេលនេះ ដែលនេះពុំមែនជាលើកទី១ ផងដែរដែលពួកគេចេញតវ៉ាប្រឆាំងម្ចាស់ក្លិប គិតចាប់តាំងពីគ្រួសារ Glazer ទិញក្លិបប្រចាំទីក្រុង Manchester មកកាន់កាប់តាំងពីឆ្នាំ២០០៥ មក៕