(ភ្នំពេញ)៖ ក្រោយចប់សប្ដាហ៍ទី២៥ នៃលីគកំពូលកម្ពុជា គេឃើញបេក្ខភាព ៣ក្រុមកាន់តែមានឱកាសក្នុងការប្រជែងជើងឯក រួមមានក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងវិសាខា បន្ទាប់ពីក្រុមកំពូលតារាងស្វាយរៀង រងបរាជ័យលើកដំបូងក្នុងដីរបស់ខ្លួន សម្រាប់រដូវកាលឆ្នាំ២០២៤-២៥ នេះ។
សម្រាប់ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង គឺបានស្គាល់បរាជ័យក្នុងដី ក្រោមថ្វីជើងវិសាខា ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃអាទិត្យ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ២គ្រាប់របស់វិសាខា ធ្វើបានសម្រេចដោយកីឡាករ Ramon នៅនាទី១៩ និង ឡេង ណូរ៉ា នៅនាទី៨១ គ្រាដែល ១គ្រាប់របស់កឮម្ចាស់ផ្ទះ រកបានដោយកីឡាករ Celestino Matheus។
ការរបូត ៣ពិន្ទុក្នុងដីនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ថយគម្លាតពិន្ទុនាំមុខភ្នំពេញក្រោន ត្រឹម ១ពិន្ទុប៉ុណ្ណោះ ពោលគឺព្រះខ័នរាជស្វាយរៀង រក្សា ៥៨ពិន្ទុក្នុងដៃ គ្រាដែលភ្នំពេញក្រោន រកបាន ៥៧ពិន្ទុ បន្ទាប់ពីអតីតក្រុមជើងឯក ៨សម័យកាលនេះ បានយកឈ្នះក្រុមភ្ញៀវណាហ្គាវើលដ៏ ១-០ ក្នុងពេលដំណាលគ្នា កាលពីយប់មិញ នៅកីឡដ្ឋាន RSN។
ក្រឡេកទៅចាប់អារម្មណ៍ក្រុមវិសាខា ក៏កាន់តែមានឱកាសប្រជែងពាន ជាមួយក្រុមទាំងពីរនេះដែរ បន្ទាប់ពីពួកគេរកបាន ៥៣ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង ៥ពិន្ទុ និងចាញ់ក្រុមកំពុងឈរលេខ២ ត្រឹម ៤ពិន្ទុប៉ុណ្ណោះ។ ការប្រកួតនៅសល់ ៧ប្រកួតរៀងៗខ្លួន សម្រាប់ដំណាក់កាលទី២ ពោលគឺជាការប្រកួតវគ្គ Top-6 ចំនួន ២ជុំ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ៕