(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអាទិត្រនេះថា រដ្ឋបាលរបស់លោកកំពុងទាក់ទងជាមួយនឹងក្រុមចំនួន ៤ ផ្សេងគ្នាអំពីការលក់កម្មវិធីកម្សាន្ត TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance។ លោកបានបញ្ជាក់ថា «ជម្រើសទាំងអស់គឺ សុទ្ធសឹងតែល្អ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា​ ជោគវាសនារបស់ TikTok ត្រូវបានកំណត់នៅក្នុងកណ្តាប់ដៃអាមេរិកចាប់តាំងពីច្បាប់ ដែលតម្រូវឱ្យមេធំរបស់ TikTok គឺ ByteDance លក់កម្មវិធីនេះ ឬប្រឈមមុខនឹងការហាមឃាត់ចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា កន្លងទៅថ្មីៗនេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យមានការពន្យាពេល ៧៥ថ្ងៃបន្ថែមទៀតនៃការអនុវត្តច្បាប់។ ខណៈការលើកឡើងនេះ ត្រូវបានគេមើលឃើញថា ថ្ងៃផុតកំណត់ថ្ងៃទី០៥ ខែមេសា កាន់តែខិតជិតមកដល់ ដែល TikTok ត្រូវតែលក់ ឬប្រឈមនឹងការហាមប្រាមនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ។

យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយនេះ មានសំណួរមួយបានចោទសួរថាតើនឹងមានកិច្ចព្រមព្រៀង (ទំនងជាកិច្ចព្រមព្រៀងទិញលក់) លើ TikTok ក្នុងពេលឆាប់ៗនេះទេ? លោក ត្រាំ បានប្រាប់អ្នកយកព័តត៌មាននៅលើយន្តហោះ Air Force One ថា «វាអាចទៅរួច»។ លោកបានបន្ថែមថា «យើងកំពុងដោះស្រាយជាមួយក្រុមចំនួន ៤ ផ្សេងគ្នា ហើយមានមនុស្សជាច្រើនចង់បានវា ... ទាំង ៤ គឺល្អ»។

យ៉ាងណា ជុំវិញរបាយការណ៍នេះ TikTok និង ByteDance មិនមានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។

គួរជម្រាបថា ក្រុមទាំងបួនដែលពាក់ព័ន្ធនឹងការចរចានេះមិនត្រូវបានកំណត់អត្តសញ្ញាណជាសាធារណៈនោះទេ ប៉ុន្តែបានបង្ហើបថាក្នុងនោះមានអ្នកដេញថ្លៃដ៏មានឥទ្ធិពលជាច្រើន រួមទាំងអតីតម្ចាស់កីឡដ្ឋាន Los Angeles Dodgers លោក Frank McCourt ក៏មានចំណាប់អារម្មណ៍ក្នុងការទិញយកនេះផងដែរ ហើយ TikTok អាចមានតម្លៃដល់ទៅ ៥០ពាន់លានដុល្លារ៕