(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា កីឡារស់នៅក្នុងសន្តិភាពដែលកំពុងពេញនិយមនៅក្នុងសង្គមជាតិយើងសព្វថ្ងៃនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាល កម្ពុជា រហូតទទួលបានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញបរិបូរណ៍។ ឈរលើមូលដ្ឋានដ៏រឹងមាំនេះហើយ យើងបានអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ ជីវភាព និងការរស់នៅរបស់ពលរដ្ឋ កាន់តែរីកចម្រើន និងស៊ីវីល័យទំនើបឈានឡើងជាលំដាប់។

លោកបានបន្តថា «ជាមួយនេះវិស័យកីឡា ជាចំណែកមួយនៃជីវិតទំនើបរបស់មនុស្សជឿនលឿន ប្រជាជនយ៉ាងច្រើនលើសលប់ បានចូលរួមហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាព និងមិត្តភាព និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលបានរៀបចំនានា»

ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តព្រៃវែង នៅក្នុងឱកាសដែលលោកបានអញ្ជើញបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នៅទីលានកីឡាបាល់ទះសាលា ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

លោក សួន សុម៉ាលីន បានបន្តថា «វិស័យកីឡា ជាវិស័យមួយកំពុងពេញនិយមដែលរួមចំណែកទាក់ទាញទេសចរណ៍ ជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពជូនប្រជាជនក្នុងខេត្ត ព្រមទាំងផ្តល់ទស្សនីយ៍ភាពពេលប្រកួតម្តងៗដើម្បី ទស្សនាកំសាន្ត និងទាក់ទាញការចូលរួមលេងកីឡាដើម្បីសុខភា មិត្តភាសាមគ្គីភាព រួមចំណែកបញ្ចៀសបាននូវអំពើអវិជ្ជមានផ្សេងៗក្នុងសង្គម»

អភិបាលខេត្តបានបន្ថែមថា ដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុវិស័យអប់រំកាយ និងកីឡាក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងគោលបំណងឆ្ពោះទៅឱ្យយុវជនចេះស្រឡាញ់ការងារចូល ចិត្តលេងកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួន និងរួមចំណែកជួយអភិវឌ្ឍ ធនធានមនុស្ស រាជរដ្ឋាភិបាលបានជុំរុញឲ្យមាន បរិស្ថានខ្យល់បរិសុទ្ធ ទីធ្លាបៃតង ទីលានសម្រាប់ហាត់ប្រាណ និងលេងកីឡា តាមទិសស្លោកក្នុងគោលនយោបាយអប់រំកាយ និងកីឡាបានកំណត់ «យុវជនម្នាក់ ត្រូវមានជំនាញកីឡាយ៉ាងតិច មួយប្រភេទប្រចាំជីវិត»

លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានលើកឡើងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៤-២៥ មានគោលបំណង រួមមាន៖

*ទី១៖ ជំរុញឲ្យប្អូនៗសិស្សានុសិស្ស អនុវត្តសកម្មភាពអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា នៅក្នុងគ្រឹះស្ថានសិក្សាដោយសកម្ម
*ទី២៖ ជំរុញសហការសាមគ្គីភាព មិត្តភាព វាស់ស្ទង់សមត្ថភាព និងដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីគ្នាទៅវិញទៅមក
*ទី៣៖ ជ្រើសរើសកីឡាករកីឡាការិនី ដែលមានសមត្ថភាព និងទេពកោសល្យចូល រួមប្រកួតថ្នាក់ជាតិ។ 

ប្រភេទកីឡា ក្នុងការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥នេះមាន៖

*បាល់ទាត់បុរស-នារី
*បាល់ទះ បុរស-នារី
*ប៉េតង់បុរស-នារី និងអត្តពលកម្មបុរស-នារី។ សរុបមានចំនួនកីឡាករកីឡាការិនីចំនួន ១០២ក្រុម ដែលមានប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីសរុបចំនួន ១១៧៤នាក់៕