(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Meta ត្រូវបានគេរាយការណ៍មកថា នឹងត្រូវប្រឈមមុខនឹងការផាកពិន័យពីសហភាពអឺរ៉ុប ជុំវិញការចោទប្រកាន់ថាបានបំពានច្បាប់ទីផ្សារឌីជីថល (DMA) ក្នុងគោលបំណងចង់ពង្រឹងអំណាចរបស់ពួកគេឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ក្រុមហ៊ុនលំដាប់ខ្នាតយក្សទាំងពីរនេះ បានស្ថិតក្រោមការត្រួតពិនិត្យដោយគណៈកម្មការអឺរ៉ុបចាប់តាំងពីឆ្នាំមុនមកម្លេះ ទាក់ទងនឹងការបំពានច្បាប់ទីផ្សារឌីជីថល ហើយអាចឈានដល់ការផាកពិន័យរហូតដល់ ១០% នៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ពួកគេ។ ច្បាប់ទីផ្សារឌីជីថល (DMA) បានចូលជាធរមានក្នុងខែឧសភា ឆ្នាំ២០២៣ មានគោលបំណងគ្រប់គ្រងថាមពលរបស់ក្រុមហ៊ុនឌីជីថលធំៗ និងធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងទីផ្សារឌីជីថល។
ប្រភពមិនបង្ហាញឈ្មោះបានឱ្យដឹងថា ការសម្រេចចុងក្រោយលើទំហំនៃការផាកពិន័យនៅមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយទេ ហើយស្ថានភាពអាចមានការផ្លាស់ប្តូរ។ តែយ៉ាងណា ការសម្រេចចិត្តត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងក្នុងខែនេះតែម្តងស្របតាមអ្វីដែលមន្ត្រីសហភាពអឺរ៉ុប លោកស្រី Teresa Ribera បានប្រាប់ Reuters កាលពីខែកុម្ភៈ ហើយទំហំនៃការផាកពិន័យនេះទំនងក្នុងចំនួនតិចតួចប៉ុណ្ណោះ ការធ្វើបែបនេះអាចជាការគំរាមក្រុមហ៊ុន Apple, Meta និងក្រុមហ៊ុនផ្សេងទៀតដែលចង់ទាមទារអំណាចគ្រប់គ្រងលើទីផ្សាររបស់ពួកគេ។
គួរជម្រាបថា ក្រុមហ៊ុន Apple និង Meta នៅមិនទាន់មានការឆ្លើយតបណាមួយទាក់ទិននឹងរបាយការណ៍ចុះផ្សាយចុងក្រោយនេះទេ។ ប៉ុន្តែបើយោងតាមរបាយការណ៍អនុលោមភាពដែលបានចេញផ្សាយកាលពីសប្តាហ៍មុន Meta បាននិយាយថា ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នារបស់ខ្លួនក្នុងការអនុលោមតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបក៏ដោយ ក្រុមហ៊ុននៅតែបន្តទទួលបានការទាមទារពីនិយតករដែលលើសពីអ្វីដែលត្រូវបានសរសេរនៅក្នុងច្បាប់៕