(បរទេស)៖ យោងតាមទិន្នន័យពីសមាគមរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញនៅថ្ងៃអង្គាសប្តាហ៍នេះថា ការលក់រថយន្តរបស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងខែកុម្ភៈបានកើនឡើងប្រមាណ ២.២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាកំណើនលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
មន្ត្រីសមាគមបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការលក់រថយន្តនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ (ឥណ្ឌូនេស៊ី) បាននឹងកំពុងប្រឈមមុខនឹងបញ្ហាដោយសារតែអំណាចនៃការចំណាយទាប និងទំនោរក្នុងការបញ្ឈប់ការទិញរថយន្តក្នុងអំឡុងពេលបោះឆ្នោតជាតិកាលពីឆ្នាំមុន។ តែយ៉ាងណា បើយោងតាមទិន្នន័យរបស់សមាគមនាពេលថ្មីៗនេះ ការលក់រថយន្តក្នុងខែកុម្ភៈ ឆ្នាំ២០២៥ បានឈានដល់ចំនួន ៧២,២៩៥គ្រឿងឯណោះ។
ដោយឡែកនៅក្នុងខែកុម្ភៈកន្លងទៅ គេហទំព័រ Bisnis.com ក៏បានចុះផ្សាយផងដែរថា មានពិព័រណ៌រថយន្តដ៏ធំមួយត្រូវបានប្រារព្ធនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈពេលនោះការលក់រថយន្តបានកើនឡើងខ្ទង់ ១៩% និងបានឈានដល់ចំណូសរុប ៤៩០លានដុល្លារ។
គួរជម្រាបថា រថយន្តដែលលក់ដាច់ខ្លាំងជាងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានមកពីម៉ូដែល BYD ដែលជារថយន្តអគ្គិសនីរបស់ចិន ហើយបច្ចុប្បន្ននេះកាន់កាប់ចំណែកទីផ្សារប្រហែល ៣៦%នៃការលក់រថយន្តក្នុងប្រទេសនេះ៕