(ភ្នំពេញ)៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបន្តចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ ឈាម ក្រោមវត្តមានរបស់លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី(វីតាល់), លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ថ្នាក់ដឹកនាំ, វេជ្ជបណ្ឌិត, បុគ្គលិកនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានថ្លែងថា វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានចាប់ផ្តើមកិច្ចសហការជាមួយគ្នាតាំងពីឆ្នាំ២០១១មកម៉្លេះ ដោយស្ថាប័នទាំងពីរបានពាំនាំ សកម្មភាព វិជ្ជមានជាច្រើន ក្រោមស្មារតីលើកតម្កើងគុណវុឌ្ឍិ នៃចលនាបរិច្ចាគ ដោយស្ម័គ្រចិត្តពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន។

លោកស្រី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនេះ មិនត្រឹមតែរឹតបន្តឹង ចំណងមេត្រីភាព រវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ តែពោលគឺបានជះឥទ្ធិពលដល់កំណើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ និងសុវត្ថិភាពដល់សាធារណជន និងសង្គមជាតិទាំងមូល។

បន្ថែមពីនេះ លោកស្រីក៏នៅតែអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជន ប្រុសស្រី បន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមដែលអាចធ្វើបាន ព្រោះការបរិច្ចាគឈាម ពុំមានផលរំខានទៅដល់សុខភាពឡើយ ពោលគឺជួយអ្នកយើង មានសុខភាពល្អ ប្រសើរដោយសារការផ្លាស់ប្តូរឈាម អារម្មណ៍ស្រស់ថ្លា កាត់បន្ថយកំហាប់ឈាម និងជាការជួយអាយុជីវិត ដែលមិនអាវកាត់ថ្លៃបាន។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល និងមន្ត្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកមានសេចក្តី សោមនស្សរីករាយ ដែលបានចូល រួមក្នុងកម្មវិធីចុះអនុស្សារណៈ នៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)។

លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណលោកស្រី ជឹង សុគន្ធាវី និងក្រុមហ៊ុនទឹកពិសាវីតាល់ ដែលបន្តផ្ដួចផ្ដើមបន្តឱ្យមានកិច្ចសហប្រតិបត្តិការនេះ រួមជាមួយចក្ខុវិស័យវែងឆ្ងាយ បំផុសស្មារតីអោយសាធារណជន និងអតិថិជនវីតាល់ ចូលរួមក្នុងយុទ្ធនាការផ្ដល់ឈាមយ៉ាងសកម្មនៅគ្រប់កម្មវិធី។

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំមួយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ផ្ដល់ជាលទ្ធភាពដល់ការប្រមូលឈាមពីសប្បុរសជនស្ម័គ្រចិត្ត ដោយមិនគិតកម្រៃ ដោយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញនូវតម្រូវការ ឈាមចាំបាច់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត សង្ឃឹមថា កំណើនបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ពីសប្បុរសជននឹងបន្តកើនឡើងជាលំដាប់ ក្រោមកិច្ចសហការយ៉ាងស្អិត រមួតរវាងស្ថាប័នទាំងពីរ។

គួរបញ្ជាក់ថា ក្រោមមូលនិធិ ២៥៛ វីតាល់ តែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រទៅដល់កិច្ចការសង្គម និងមនុស្សធម៌តួយ៉ាងកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មនាថ្ងៃនេះ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ ការចូលរួមចំណែកទាំងនេះ ក៏កើតចេញពីការគាំទ្រឥតឈប់ឈរ របស់អតិថិជនវីតាល់ ទាំងអស់ ក្នុងការជាវទឹកពិសាវីតាល់មួយដប បានចូលរួមបរិច្ចាគ ២៥៛ទៅកាន់មូលនិធិមួយនេះ។ វីតាល់មោទនភាព ផលិតផលជាតិ!