(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏លេចធ្លោរបស់ចិន Xpeng ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាលើការវិនិយោគដ៏ធំដែលអាចឈានដល់ ១៣.៨ ពាន់លានដុល្លារ នៅក្នុងគម្រោងមនុស្សយន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន The Securities Times បានរាយការណ៍ថា នាយកប្រតិបត្តិ (CEO) លោក He Xiaopeng បាននិយាយនៅក្រៅសម័យប្រជុំសភាប្រចាំឆ្នាំថា ខណៈពេលដែលការវិនិយោគបច្ចុប្បន្នរបស់ Xpeng អាចត្រូវបានចាត់ទុកថាមានលក្ខណៈអភិរក្សនៅឡើយដោយសាររបៀបដែលវាស្ថិតក្នុងដំណាក់កាលដំបូងនៃការចូលទៅក្នុងវិស័យនេះ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រចក្នុងការវិនិយោគបន្ថែមទៀត។ លោកបាននិយាយថា Xpeng បានធ្វើការនៅក្នុងឧស្សាហកម្មមនុស្សយន្តអស់រយៈពេល ៥ឆ្នាំមកហើយ ហើយគ្រោងនឹងបន្តរយៈពេល ២០ឆ្នាំទៀត ខណៈក្រុមហ៊ុនមានបំណងចាយទុនវិនិយោគប្រមាណ ៥០ពាន់លានយន់ (ប្រែល ៨ពាន់លានដុល្លារ) ហើយនឹងអាចឈានដល់ ១០០ពាន់លានយន់ (១៣.៨ ពាន់លានដុល្លារ) នាពេលអនាគត ប៉ុន្តែមិនបាននិយាយអំពីការវិនិយោគនាពេលបច្ចុប្បន្ននោះទេ។
គួរជម្រាបថា Xpeng បានឈានជើងចូលឧស្សាហកម្មមនុស្សយន្តជាលើកដំបូងក្នុងឆ្នាំ២០២០ ហើយបានបញ្ចេញមនុស្សយន្តដំបូងរបស់ខ្លួនមានឈ្មោះថា Iron Humanoid នៅក្នុងខែវិច្ឆិកា ដើម្បីប្រជែងនឹង Tesla Bot៕