(លីវើភូល)៖ ហង្សក្រហម Liverpool បានខ្ទាតចេញពីកម្មវិធីជើងឯកអឺរ៉ុប UEFA Champions League 2024-25 ជាផ្លូវការហើយត្រឹមវគ្គ ១៦ក្រុមយប់មិញនេះ ក្រោយពេលចាញ់គូប្រជែងមកពីបារាំង Paris Saint Germain ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។
តែយ៉ាងណា ក្រុមជើងខ្លាំងរបស់អង់គ្លេសមួយនេះនៅសល់ពាន២ ទៀតដែលត្រូវប្រជែងពោលគឺ Premier League និង League Cup សម្រាប់រដូវកាលនេះ។
ក្នុងការប្រកួតពេញម៉ោង ៩០នាទីសម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុមយប់មិញនេះ Liverpool បានរបូត ១គ្រាប់នៅនាទី១២ ធ្វើបានសម្រេចដោយកីឡាករ Dembele នៅកីឡដ្ឋាន Anfield របស់ខ្លួន ដែលមានលទ្ធផលស្មើគ្នាបណ្តោះអាសន្នកាលពីជើងទី១ នៅរដ្ឋធានី Paris ដែល Liverpool បានយកឈ្នះម្ចាស់ផ្ទះ PSG ១-០។
ក្នុងវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយលេង ១២០នាទី ម្ចាស់ផ្ទះ Liverpool ចាញ់ PSG ១-០ បូកគ្រាប់បាល់ស្មើគ្នាទាំង ២ជើង ទទួលបានលទ្ធផល PSG ទាត់ចូល ៤គ្រាប់ នៅពេលកូនក្រុមរបស់លោក Arne Slot វិញទាត់ចូលតែ ១គ្រាប់ប៉ុណ្ណោះ និងអ្វីដែលកាន់តែពិសេសទៀតនោះ គឺអ្នកចាំទីអ៉ីតាលី Gianluigi Donnarumma បានសង្រ្គោះបាល់ ២គ្រាប់ស៊ុតដោយ Darwin Nunez និង Curtis Jones ក្នុងការរួមចំណែកជួយ PSG ឡើងទៅវគ្គ ៨ក្រុម UCL ជាបន្តទៀត។
គួររំលឹកផងថា កីឡាករចាំទី Donnarumma ក៏ជាអ្នកសង្រ្គោះបាល់ប៉េណាល់ទី ៣គ្រាប់កាលផ្តាច់ព្រ័ត្រ Euro 2020 នៅកីឡដ្ឋាន Wembley ទល់នឹងតោកំណាចអង់គ្លេស នាំឱ្យអាសូរីអ៉ីតាលីស្គាល់រសជាតិជើងឯកអឺរ៉ុបជាលើកទី២ ខណៈក្រុមឈានចូលវគ្គ ៨ក្រុមចុងក្រោយមុនគេមាន FC Barcelona, Paris Siant Germain, Bayern Munich និង Inter Milan ៕