(ឡុងដ៍)៖ កីឡាករប្រដាល់សកល Chris Eubank Jr ត្រូវបានសហព័ន្ធប្រដាល់អង់គ្លេស ដាក់ពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនផោន ស្មើនឹង ១២៩,០០០ដុល្លារអាមេរិក ដោយសារគប់ស៊ុតដាក់ Conor Benn ក្នុងសន្និសីទកាលពីខែមុន។

ជើងខ្លាំងអង់គ្លេសទាំងពីរខាងលើនេះ បានប្រឈមមុខដាក់គ្នាជាលើកដំបូង ក្នុងសន្និសីទកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ជាអ្វីដែល Eubank បានយកស៊ុតចេញពីហ៊ោប៉ៅរបស់លោកគប់ទៅលើ Benn ដែលបង្កជាហេតុការណ៍ប្រតាយប្រតប់គ្នាមួយប្រាវផងដែរ។

ចំពោះហេតុការណ៍ដែលបង្កឡើងដោយចេតនានេះដែរ គឺបានកើតឡើងក្នុងសន្និសីទនៅទីក្រុង Manchester កាលពីថ្ងៃទី២៥ ខែកុម្ភៈ មុនពេលពួកគេប្រកួតផ្លូវការនាខែក្រោយនៅសង្វៀនស្ថិតក្នុងកីឡដ្ឋាន Tottenham Hotspur របស់ក្លិបបាល់ទាត់ Spurs។

យោងតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធប្រដាល់អង់គ្លេស (BBBC) បានឱ្យដឹងថា Eubank វ័យ ៣៥ឆ្នាំ បានរំលោភទៅនឹងវិន័យ ២៥ ដែលមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពដោយពុំអាចគ្រប់គ្រងអារម្មណ៍បាន និងឈានដល់ការដាក់ពិន័យជាចាំបាច់ទៀតផង៕