(មេនឆេស្ទើ)៖ ស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុនៅចំពោះមុខ ក្លិបបាល់ទាត់អាជីព Manchester United បានលើកគម្រោងចាយវាយប្រមាណ ២.៥៨ពាន់លានដុល្លារ ដើម្បីសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួន ដែលអាចផ្ទុកអ្នកទស្សនាសរុបបានដល់ទៅ ១០០,០០០នាក់។
ផែនការថ្មីនេះ បិសាចក្រហមជឿជាក់ថា នឹងចំណាយពេល ៥ឆ្នាំទើបបញ្ចប់ជាស្ថាពរ ស្របពេលអ្នកកាន់គម្រោង ១រូបបានលើកឡើងថា នឹងចំណាយពេល ១០ឆ្នាំឯណោះ ទើបរួចរាល់ជាស្ថាពរទៅវិញ។
គួររំលឹកផងថា Manchester United មានកីឡដ្ឋានផ្ទាល់ខ្លួនរបស់ខ្លួនឈ្មោះថា Old Trafford ស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ដែលអាចផ្ទុកអ្នកទស្សនាសរុបបានចំនួន ៧៤,៣១០នាក់ ត្រូវបានសាងសង់ឡើងកាលឆ្នាំ១៩១០ និងបានជួសជុលកែលម្អ ៨លើករួចមកហើយ។
ជាការកត់សម្គាល់ផងដែរ Old Trafford ជាកីឡដ្ឋានធំឈរនៅលំដាប់ទី២ ក្នុងចំណោមកីឡដ្ឋានធំៗទាំង១០ របស់អង់គ្លេស បន្ទាប់ពីកីឡដ្ឋានជាតិ Wembley ដែលអាចផ្ទុកចំណុះសរុបបានជិត ១០ម៉ឺននាក់ ត្រូវបានសាងសង់ឡើងកាលឆ្នាំ២០០៧៕