(ភ្នំពេញ)៖ ខ្សែបម្រើវ័យក្មេងក្លិបព្រះខ័នរាជស្វាយរៀង ជូ ស៊ីនទិ បានខកខានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិវៀតណាម ក៏ដូចជាក្រុមជម្រើសជាតិអារូបា ដោយសារបញ្ហារបួស និងត្រូវផ្លាស់ប្ដូរជំនួសដោយរាមច្បង សុះ ស៊ូហាណា វិញ ។

យោងតាមការជូនដំណឹងរបស់ហព័ន្ធ បានបញ្ជាក់ថា «កីឡាករ សុះ ស៊ូហាណា នឹងជំនួសតំណែងកីឡាករ ជូ ស៊ីនទី នៅក្នុងក្រុមជម្រើសជាតិកម្ពុជា។ មូលហេតុដោយសារតែកីឡាករ ជូ ស៊ីនទី មានបញ្ហារបួសអំឡុងពេលប្រកួត។ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានតាមដានពីបញ្ហារបួសនេះហើយគ្រូពេទ្យបានបញ្ជាក់ថា កីឡាករ ជូ ស៊ីនទី មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាបានឡើយ»

ការប្រកាសផ្លាស់ប្ដូរកីឡាករនេះ ធ្វើឡើងក្នុងថ្ងៃតែមួយ ដែលសហព័ន្ធបានប្រកាសបញ្ជីឈ្មោះកីឡាករ ២៣រូបផ្លូវការ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ។ យ៉ាងណាការជំនួសដោយសមាជិកក្រុមណាហ្គាវើលដ៏ សុះ ស៊ូហាណា ដែលត្រូវបានអ្នកគាំទ្រចាត់ទុកជាផ្ការីកគ្រប់រដូវក្នុងក្រុមជម្រើសជាតិ ក៏ទទួលបានការសាទរច្រើនពីអ្នកគាំទ្រក្រុមគោព្រៃដែរ ទោះបីមានការសម្ដែងការសោកស្ដាយ ចំពោះការខកខានឱកាសរបស់កីឡាករវ័យក្មេង ជូ ស៊ីនទិ ក៏ដោយ ។

គួរដឹងថា ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ល្ងាចនេះ ដោយអវត្តមានកីឡាករព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងណាហ្គាវើលដ៏ ដែលជាប់ភារកិច្ចត្រៀមការប្រកួតរៀងៗខ្លួន នាថ្ងៃទី១៣-១៤ ខែមីនា មុនប្រមូលផ្ដុំជួបគ្នានៅថ្ងៃបន្ទាប់ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតចំពោះមុខ ពោលគឺត្រៀមជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១៩ ខែមីនា មុនត្រឡប់មកបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុមជម្រើសជាតិ Aruba វិញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ៕