(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ឥណ្ឌា Reliance Jio បាននិយាយនៅព្រឹកថ្ងៃពុធសប្តាហ៍នេះថា ខ្លូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីលោក Elon Musk ដើម្បីនាំយកសេវាអ៊ីនធឺណិតផ្កាយរណបល្បឿនលឿនរបស់ Starlink ទៅកាន់ប្រទេសឥណ្ឌា។ ខណៈកិច្ចសហការនេះ ត្រូវបានឃើញថាកើតឡើងក្រោយមួយថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងស្រដៀងគ្នាដោយក្រុមហ៊ុនគូប្រជែង Bharti Airtel។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា ភាពជាដៃគូនេះមានគោលបំណងពង្រីកការចូលប្រើអ៊ីនធឺណិតនៅទូទាំងប្រទេសឥណ្ឌា ជាពិសេសនៅតំបន់ដាច់ស្រយាល ដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបរបស់ Starlink ហើយក៏ជាវិធីសាស្រ្តដែលធ្វើឱ្យក្រុមហ៊ុនអាមេរិកទទួលបានការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្តើមប្រតិបត្តិការនៅទីនោះ។

Reliance Jio ត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា Reliance Jio Infocomm Limited (RJIL) គឺជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ប្រទេសឥណ្ឌា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Jio Platforms ដែលមានទីស្នាក់ការកណ្តាលនៅ Navi Mumbai។ Jio គឺជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តធំជាងគេនៅក្នុងប្រទេសឥណ្ឌា និងជាប្រតិបត្តិករប្រទេសតែមួយ (single-country operator) ធំជាងគេទីពីរនៅលើពិភពលោក ដោយបម្រើអតិថិជនជាង ៤៦៣ លាននាក់។

គួរជម្រាបថា ភាពជាដៃគូរវាងក្រុមហ៊ុន Reliance Jio និង SpaceX, Jio Platform បានគូសបញ្ជាក់ថា បុត្រសម្ព័ន្ធរបស់ខ្លួននឹងផ្តល់ជូនឧបករណ៍ Starlink តាមរយៈបណ្តាញលក់រាយដ៏ទូលំទូលាយរបស់ខ្លួន និងវេទិកាអនឡាញ ហើយវាក៏នឹងផ្តល់ការគាំទ្រការដំឡើងសម្រាប់ឧបករណ៍ទាំងនេះផងដែរ៕