(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជា Anvar Nasredinov នឹងតទល់ជាមួយកីឡាករនីហ្សេរីយ៉ា ក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកអន្តរក្លិប (Inter Clubs) នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នា Factory Phnom Penh នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមប្រភពពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ។

យោងតាមគេហទំព័រ Olympic Cambodia បានឱ្យដឹងថា ចំពោះគោលបំណងសំខាន់ៗ នៃការប្រកួតប្រដាល់សកលជើងឯកអន្តរក្លិបចុងសប្ដាហ៍នេះ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានប្រសាសន៍ថា ការប្រកួតដ៏ពិសេសនេះមានចំនួន៤គូ ដែលក្នុងនោះ ៣គូ ជាប្រដាល់សកលស្ម័គ្រចិត្ត និងគូចុងក្រោយមួយគូ ជាការប្រកួតលក្ខណៈអាជីព។ កីឡាករចូលរួមភាគច្រើនជាជនជាតិបរទេស ហ្វឹកហាត់តាមបណ្ដាក្លិបជាប្រចាំ។ ចំណែកគូពិសេសលក្ខណៈអាជីព ជាកីឡាករជម្រើសជាតិកម្ពុជា Anvar Nasredinov តទល់កីឡាករនីហ្សេរីយ៉ាមកពីក្លិប KKIF។

ទាក់ទងទៅនឹងគោលបំណងនៃការរៀបចំនេះ គឺដើម្បីផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីដែលបានហ្វឹកហាត់ទាំងអ្នកស្ម័គ្រចិត្ត និងលក្ខណៈអាជីពបានចូលរួមការប្រកួតបញ្ចេញសមត្ថភាព ក៏ដូចជាត្រៀមសម្រាប់កីឡាករអាជីពបានចូលរួមប្រកួតអន្តរជាតិតំណាងប្រទេសនាពេលខាងមុខ។

នេះជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយកីឡាប្រដាល់សកល និងពង្រីកប្រជាប្រិយភាពនៅកម្ពុជា ដែលនេះក៏ជាយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាដូចគ្នា។ ហើយក្រៅពីគូប្រដាល់សកល ក៏មានការប្រកួតកីឡាប្រដាល់គុនខ្មែរផងដែរ៕