(បរទេស)៖ ក្រុមហ៊ុនសហ្វវែលយក្សអាមេរិក Salesforce បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះពីគម្រោងវិនិយោគដែលមានតម្លៃរហូតដល់ ១ពាន់លានដុល្លារនៅក្នុងប្រទេសសិង្ហបុរី សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងគោលបំណងផ្តោតលើការពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស និងជំរុញសមត្ថភាព AI របស់ខ្លួន Agentforce។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២៥។

នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Salesforce លោក Marc Benioff បានប្រាប់ក្រុមការងារ​ CNBC នៅក្នុងព្រឹត្តិការណ៍ CONVERGE LIVE នៅសិង្ហបុរីថា «យើងមានបទពិសោធន៍ដ៏អស្ចារ្យនៅទីនេះ។ Salesforce បានឈរជើងនៅទីនេះអស់រយៈពេល ២៥ឆ្នាំមកហើយ បច្ចុប្បន្ននេះយើងកំពុងវិនិយោគ ១ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងប្រតិបត្តិការរបស់យើងនៅទីនេះ»។ លោកបន្ថែមថា «Salesforce មិនគ្រាន់តែធ្វើការលក់ និងធ្វើទីផ្សារនៅទីនេះទេ។ ពោលគឺ ព្រមមានទាំងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់បំផុតផងដែរ។ យើង​មាន​វិស្វករ AI ល្អ​បំផុត​រាប់​សិប​នាក់​នៅ​លើ​ពិភពលោក​នៅ​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សិង្ហបុរី​របស់​យើង»

ទន្ទឹមនឹងនេះ Salesforce បាននិយាយថា Agentforce អាចជួយសិង្ហបុរីឱ្យ «ពង្រីកយ៉ាងឆាប់រហ័ស» នូវកម្លាំងពលកម្មរបស់ខ្លួននៅក្នុងតួនាទីសេវាកម្ម និងវិស័យសាធារណៈសំខាន់ៗមួយចំនួន ក្នុងពេលដែលប្រទេសនេះកំពុងប្រឈមនឹងចំនួនប្រជាជនវ័យចំណាស់ និងការថយចុះអត្រាកំណើត។

គួរជម្រាបថា លោក Jermaine Loy មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី បានស្វាគមន៍ការវិនិយោគរបស់ Salesforce ដោយនិយាយថា វានឹងជួយជំរុញការអភិវឌ្ឍរបស់ប្រទេសនេះ «ដើម្បីកសាងមជ្ឈមណ្ឌលដ៏រស់រវើកសម្រាប់ការច្នៃប្រឌិត AI»។ សិង្ហបុរី មានបំណងក្លាយជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់ការច្នៃប្រឌិត និងការអនុម័ត AI ដោយផ្តោតលើការអភិវឌ្ឍដំណោះស្រាយ AI ដែលជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង៕