(ភ្នំពេញ)៖ ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រដូវកាលទី២ ឆ្នាំ២០២៥ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតជិត ២ខែ ដោយក្រុមអគ្គស្នងការនគរបាលជាតិ បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាម្ចាស់ពានឆ្នាំចាស់ ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១១ ខែមីនា នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
ពិធីបិទការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌមន្ដ្រីនគរបាលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។ ព្រឹត្តិការណ៍នេះ មានក្រុមបាល់ទាត់ចំនួន ១៣ក្រុម ដែលជាមន្ដ្រីកងកម្លាំងអនុវត្តច្បាប់គ្រប់អង្គភាពចំណុះឲ្យក្រសួងមហាផ្ទៃ ចូលរួមប្រកួតកាលពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ជាលទ្ធផលការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺក្រុមអគ្គស្នងការនគរបាលជាតិ បានយកឈ្នះក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៣-០ ដែលធ្វើសម្រេចដោយកីឡាករ ប្រាក់ សុវណ្ណារិទ្ធ ២គ្រាប់ នៅនាទី៤៥+៤ និងនាទី៥៦ និងកីឡាករ ធី សុវិទូ ១គ្រាប់ នៅនាទី៧៤ ដើម្បីក្លាយជាជើងឯកពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ គ្រាដែលក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រឹមជើងរងប៉ុណ្ណោះក្នុងរដូវកាលនេះ។
គួរដឹងថា ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃនេះ ត្រូវបានគាំទ្រ និងទទួលបានការអនុញ្ញាតពីលោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឲ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃរៀបចំឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ជាតិ សំដៅបណ្តុះស្មារតីស្រលាញ់កីឡា និងលេងកីឡាដើម្បីសុខភាព រឹតចំណងសាមគ្គីភាព មិត្តភាព រវាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានចំណុះក្រសួងមហាផ្ទៃ៕