(ភ្នំពេញ)៖ អាចចាត់ទុកថា គឺជារឿងមួយគួរឲ្យសោកស្ដាយសោកសង្រែង និងខ្លោចចិត្តអាណិតជាពន់ពេក ចំពោះនាដការីរបាំព្រះរាជទ្រព្យល្បីឈ្មោះរបស់កម្ពុជា គឺប្អូនស្រី ឈឹម ចាន់ស្រីណុច ហៅ ជីវី ដែលកំពុងតែបំពេញបេសកកម្មជូនជាតិកម្ពុជា តាមរយយៈការសម្ដែងរបាំជូនដល់មហាជនជាអន្តរជាតិទស្សនា នៅក្នុងប្រទេសបារាំង ខណៈដែលខ្លួនបានទទួលដំណឹងដ៏ក្រៀមក្រំ ពីបងប្អូនសាច់ញាតិនៅក្នុងប្រទេសកំណើត អំពីមរណភាពម្ដាយរបស់ខ្លួន បានធ្វើឲ្យក្លាយទៅជារឿងដ៏នឹកស្មានមិនដល់ និងសោកសៅបំផុតសម្រាប់រូបនាង។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលកំពុងដឹកនាំបេសកកម្មដឹកនាំការសម្ដែងរបាំព្រះរាជទ្រព្យនេះ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះប្អូនស្រី ឈឹម ចាន់ស្រីណុច ហៅ ជីវី ជានាដការីរបាំព្រះរាជទ្រព្យកម្ពុជា ដែលបានបាត់បង់អ្នកម្តាយជាទីស្រឡាញ់ នៅក្នុងអំឡុងពេលប្អូនស្រីកំពុងតែស្ថិតនៅប្រទេសបារាំងនៅឡើយ ដើម្បីបន្តបេសកកម្មសម្ដែងរបាំព្រះរាជទ្រព្យកម្ពុជាជូនជាតិមាតុភូមិ។

ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈកម្ពុជា ទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌។​

របាំព្រះរាជទ្រព្យដ៏ល្បីរបស់កម្ពុជាត្រូវបានសម្តែងជាផ្លូវការលើកទី១ នៅក្នុងទីក្រុងប៉ារីស តាមកាលវិភាគសម្តែងដែលមានរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានសិល្បករកម្ពុជាចំនួន២២រូប សម្តែងនៅប្រទេសបារាំង ក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យកម្ពុជាមួយនេះ ត្រូវអាក់ខានយកទៅសម្តែងជាច្រើនឆ្នាំនៅប្រទេសបារាំង ក្រោយការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។

ក្នុងវេលាពោរពេញដោយសមានទុក្ខ និងសោកសង្រេងរកទីបំផុតគ្មាននេះ សមាគមសិល្បករខ្មែរ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធអ៉ុំស្រី (ម្ដាយរបស់ ឈឹម ចាន់ស្រីណុច) សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕