(បាសេឡូណា)៖ ៤ក្រុមដែលបានឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League 2024-25 រួមមាន FC Barcelona, Bayern Munich និង Inter Milan សុទ្ធតែបានស្គាល់រសជាតិពានអឺរ៉ុបនេះអស់ហើយ លើកលែងតែ Paris Saint Germain របស់បារាំងមួយប៉ុណ្ណោះ បានត្រឹមតែក្បែរប៉ុណ្ណោះ។
ជាការកត់សម្គាល់ឃើញថា ទាំង ៤ក្រុមឡើងទៅឈរចាំមុននោះ គឺមកពី ៤ប្រទេសផ្សេងគ្នាផងដែររួមមាន Barcelona របស់អេស្ប៉ាញ Bayern Munich របស់អាល្លឺម៉ង់ Inter Milan មកពីអ៉ីតាលី និង PSG ចេញពីបារាំង។
ក្នុងចំណោមទាំង ៤ក្រុមនេះដែរ Bayern ធ្លាប់ឈ្នះ UCL បាន ៦លើក តាមពីក្រោយដោយ Barcelona បាន ៥លើក និង Inter បាន ៣លើកផងដែរ ស្របពេល PSG បានត្រឹមរងជើងឯក ១លើកប៉ុណ្ណោះកាលឆ្នាំ២០២០ ក្រោយចាញ់ Bayern ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ។
Inter ដែលបានទម្លាក់ Feyenoord របស់ហូឡង់យប់មិញនេះ ត្រូវឡើងទៅប៉ះ Bayern ដែលបានទម្លាក់ក្រុមអាល្លឺម៉ង់ដូចគ្នា Bayer Leverkusen សម្រាប់វគ្គ ៨ក្រុមជាបន្តទៀត គ្រាដែល Barcelona ដែលបានទម្លាក់គូប្រជែង Benfica របស់ព័រទុយហ្គាល់នោះ ត្រូវរង់ចាំរវាងក្រុមឈ្នះ Borussia Dortmund ឬក៏ Lille ហើយ PSG វិញត្រូវរង់ចាំក្រុមឈ្នះរវាង Aston Villa ឬក៏ Club Brugge ដែលលេងបញ្ចប់ជើងទី២ រាត្រីនេះ៕