(ម៉ាឌ្រីដ)៖ វគ្គ ១៦ក្រុមពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2024-25 ត្រូវបានបិទបញ្ចប់នាយប់មិញនេះ នៅពេលអធិរាជស Real Madrid ម្ចាស់ការពារតំណែងជើងឯករដូវកាលមុន ត្រូវប៉ះ Arsenal ក្នុងវគ្គ ៨ក្រុមជាបន្តទៀត។
ក្នុងការប្រកួត ១២០នាទីក្នុងទឹកដីរបស់ Atletico Madrid ដែលជាគូប្រជែងក្នុងលីគ La Liga ជារៀងរាល់រដូវកាលនោះ Real អតីតជើងឯក UCL ១៥សម័យកាលច្រើនជាងគេ បានចាញ់ម្ចាស់ផ្ទះ ១ទល់នឹង០ និងមានលទ្ធផលស្មើគ្នា ២-២ ក្នុងលទ្ធផលទាំង ២ជើង នាំឱ្យការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីកើតមានឡើង។
ជាលទ្ធផល ក្រុមភ្ញៀវ Real Madrid របស់លោក Carlo Ancelotti ទាត់ចូល ៤គ្រាប់ នៅពេលកូនក្រុមរបស់លោក Diego Simone ទាត់ចូលតែ ២គ្រាប់។
នេះមានន័យថា Real ត្រូវឡើងទៅប៉ះ Arsenal ក្នុងវគ្គ ៨ក្រុមជាបន្តទៀត ក្រោយពេលកាំភ្លើងធំ ក៏បានទម្លាក់ PSV Eindhoven គ្រាដែល PSG ត្រូវប៉ះក្រុមអង់គ្លេសមួយទៀតគឺ Aston Villa ចំណែកឯក FC Barcelona ត្រូវប៉ះ Borussia Dortmund ហើយ Bayern Munich ត្រូវជួប Inter Milan។
គួរបញ្ជាក់ផងថា ការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នឹងធ្វើឡើងនាថ្ងៃទី០៩-១០ ខែមេសា មុនពេលជើងទី២ លេងនៅថ្ងៃទី១៦-១៧ នៃខែដដែល ឆ្នាំ២០២៥៕