(យ៉ាំងហ្គូន)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបប្រកួតជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/25 ជាមួយក្រុមម្ចាស់ផ្ទះ Shan United នៅកីឡដ្ឋាន Thuwunna នាទីក្រុងយ៉ាំងហ្គូន នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១៣ ខែមីនានេះ ដើម្បីកាត់សេចក្ដីក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មុនការប្រកួត លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា នេះគឺជាការប្រកួតដ៏សំខាន់ ដោយលោកចាត់ទុក Shan United នៅតែជាក្រុមល្អ ដែលអាចបង្កគ្រោះថ្នាក់ដោយក្រុមខ្លួន ទោះបីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្នុងដី រហូតដល់ ៦-២ ក៏ដោយ ។ ដូច្នេះលោកបានក្រើនរំឮកកូនក្រុមត្រូវផ្ដោតអារម្មណ៍គ្រប់ពេល ប្រសិនបើចង់ឡើងទៅវគ្គបន្ដ ។
លោក Pep និយាយថា «នេះជាការប្រកួតដែលយើងចង់ទៅកាន់វគ្គបន្ដ ហើយអ្វីដែលយើងត្រូវគិត គឺលេងឲ្យបានល្អ ហើយឈ្នះការប្រកួតនេះ...។ ការប្រកួតនេះ គឺយើងចង់បង្ហាញអំពីកម្រិតរបស់យើង ហើយនឹងឈ្នះការប្រកួត ដោយយើងមិនបានគិតពីការប្រកួតដែលយើងលេងហើយនៅជើងទី១ ទេ ។ ការប្រកួតនេះ យើងនៅតែគោរពគូប្រកួតរបស់យើង ហើយយើងត្រូវការលេងឲ្យបានល្អ សម្រាប់ការប្រកួតនៅទឹកដីរបស់ Shan United គឺយើងត្រូវការប្រមូលអារម្មណ៍ និងផ្ដោតគ្រប់ពេល» ។
តាមរយៈការប្ដេជ្ញាចិត្ដនេះដែរ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ ត្រៀមផ្លាស់ប្ដូរកីឡាករមួយចំនួន តែជាការប្រើប្រាស់កីឡាករដែលល្អបំផុត សម្រាប់ការប្រកួតជើងទី២ ព្រោះជាការប្រកួតផ្សេងមួយទៀត ដែលក្រុមទាមទារត្រូវលេងឲ្យបានល្អ និងចាត់ទុកជាការប្រកួតដ៏ល្អមួយក្នុងវគ្គចាញ់ធ្លាក់នេះ ដើម្បីកំណត់ក្រុមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងមានផលសងគ្រាប់បាល់ចំណេញ ៤គ្រាប់ក្នុងដៃ ដែលនាំឲ្យពួកគេមានប្រៀប ដោយត្រូវការត្រឹមស្មើ ឬយ៉ាងហោចចាញ់តិចជាង ៤គ្រាប់ ក្នុងជំនួបជើងទី២ ល្ងាចនេះ ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីខាងលើ ៕