(ឡុងដ៍)៖ Leeds United បានបំបាក់គូប្រជែង Millwall ២ទល់នឹង០ នាយប់មិញ ដើម្បីវិលទៅកាន់ទីកំពូលក្របខណ្ឌទី២ អង់គ្លេស Championship 2024-25 វិញ គិតត្រឹមសប្តាហ៍ទី៣៧ នៃជើងទី២ នេះ។

Leeds ដែលបានជ្រុះចេញពីលីគកំពូល Premier League នារដូវកាលឆ្នាំ២០២២-២៣ បច្ចុប្បន្នបានបង្កើនកំណត់ត្រាលេង ១៦ប្រកួតក្នុងដីនៃកីឡដ្ឋាន Elland Road របស់ខ្លួនមិនចាញ់ឡើយ ជាមួយនឹងការរកបានពិន្ទុសរុប ៧៩ពិន្ទុ នាំមុខក្រុមលេខ២ Sheffield United ចំនួន ២ពិន្ទុផងដែរ។

ក្នុងប្រកួតនោះដែរ ខ្សែការពារ Jake Cooper ជាអ្នកធ្វេសប្រហែសចូលទីខ្លួនឯង ត្រឹមចាប់ផ្តើមលេងបានតែ ៣នាទីប៉ុណ្ណោះ នៅពេលរារាំងបាល់ពី Manor Solomon ធ្វើឱ្យបាល់ហោះផុតដៃអ្នកចាំទី Lukas Jensen នៅមុនពេល Ao Tanaka បន្ថែមគ្រាប់ទី២ នៅនាទី៨៥ ដើម្បីធានាជ័យជម្នះ ៣ពិន្ទុតែម្តង។

ឆ្លងតាមជ័យជម្នះក្នុងដីដ៏គាប់ប្រសើរនេះដែរ Leeds បានស្ថិតក្នុងតំបន់ឈ្នះកៅអីស្វ័យប្រវត្តិឡើងទៅលេងនៅ Premier League វិញ តាមរយៈនាំមុខក្រុមលេខ៣ Burnley ៤ពិន្ទុ មុនពេលត្រូវលេង ៩ប្រកួតទៀត ដើម្បីបិទរដូវកាលនេះ ស្របពេលគូប្រជែង Millwall ធ្លាក់ទៅលេខ១៣ មានតែ ៤៨ពិន្ទុ និងដាច់ ៨ពិន្ទុផងដែរពីតំបន់ប្រជែងកៅអី PL៕