(បរទេស)៖ ក្រុមហ៊ុន Intel បានប្រកាសតែងតាំងលោក Lip-Bu Tan​ ដែលជាជើងចាស់នៃឧស្សាហកម្មផលិតផលពាក់កណ្តាលសម្រេច semiconductor ជានាយកប្រតិបត្តិ (CEO) ថ្មីរបស់ខ្លូននៅថ្ងៃពុធសប្តាហ៍នេះ។ បន្ទាប់ពីប្រកាស ភាគហ៊ុនរបស់ Intel ហក់ឡើងខ្ពស់ដលល់ ១២%។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

លោក Tan ត្រូវបានគេស្គាល់ថាពីមុនជានាយកប្រតិបត្តិ (CEO) នៃ Cadence Design Systems ដែលជាជើងចាស់មួយរូបនៃឧស្សាហកម្ម semiconductor និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់​ Intel ផងដែរ។ ប៉ុន្តែលោកបានចាកចេញពីតួនាទីក្រុមប្រឹក្សាភិបាលកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដោយបន្តទៅកាន់តំណែងជា​ សហនាយកប្រតិបត្តិ (co-CEO) បណ្តោះអាសន្នពីលោក​ David Zinsner និង Michelle Johnston Holthaus ដែលបានចូលកាន់តំណែងបន្ទាប់ពីការចាកចេញរបស់ Pat Gelsinger ក្នុងខែធ្នូ។

ការតែងតាំងរបស់លោក Tan ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយ ដើម្បីពង្រីកទំនាក់ទំនងឧស្សាហកម្មដ៏ស៊ីជម្រៅ និងបទពិសោធន៍របស់គាត់ក្នុងការបង្កើតតម្លៃភាគហ៊ុនិក ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីបដ៏លេចធ្លោនេះ កំពុងព្យាយាមងើបឡើងវិញបន្ទាប់ពីដំណើរការដ៏ច្របូកច្របល់រយៈពេល ៤ឆ្នាំក្រោមការដឹកនាំដោយអតីត CEO លោក Pat Gelsinger។

គួរជម្រាបថា ការតែងតាំងនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៨ ខែមីនា​ខាងមុខនេះតទៅ កើតឡើងក្រោយ ៣ខែ បន្ទាប់ពីអតីត CEO លោក Pat Gelsigner ត្រូវបានដកតំណែងចេញភ្លាមៗកាលចុងឆ្នាំ២០២៤ កន្លងទៅ៕