(បរទេស)៖ នាយកប្រតិបត្តិ (CEO) លោក Richard Yu បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មី Pocket 3 នៅសប្តាហ៍ក្រោយ ដែលជា «ផលិតផលដែលមិននឹកស្មានដល់» និងជាផលិតផលដំបូងគេដែលដំណើរការ HarmonyOS Next ផ្ទាល់ខ្លូន ខណៈមិនគាំទ្រប្រព័ន្ធប្រតិបត្តិការ Android ដូលដែលបានប្រកាសកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

យោងតាមការបង្ហោះដោយ Digital Chat Station នៅលើ Weibo បានបង្ហាញពីការរំពឹងទុកខ្លះសម្រាប់ Pocket 3 រួមមាន អេក្រង់បត់ខាងក្នុងទំហំ ៦.២៨អ៊ីញ គម្របអេក្រង់ទំហំ ៣.៤៨អ៊ីញ មានកាមេរ៉ាទំហំ ៥០មេហ្គាភិចស៊ែល និងមានមុខងារធន់នឹងទឹក និងធូលីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូននេះត្រូវបានគេរំពឹងទុកថា នឹងឧបករណ៍ស្កេនមេដៃនៅចំហៀងដែលបង្កប់នៅក្នុងប៊ូតុង power ផងដែរ។

គួរជម្រាបថា Pocket 3 ពីមុនត្រូវបានគេពណ៌នាថាជាស្មាតហ្វូនទម្រង់ iPad mini ទំហំតូចនៅពេលលាតចេញ ប៉ុន្តែបើយោងតាមករូបរាងដែលបានលេចធ្លាយចុងក្រោយនេះ ហាក់បីដូចជា Huaei កំពុងកែប្រែទម្រង់ថ្មីខុសទៅនឹងពាក្យចចាមអារ៉ាមកាលពីមុន។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីស្មាតហ្វូននេះ នៅមិនទាន់មានការបង្ហាញនៅឡើយនោះទេ ដូច្នេះមានតែរង់ចាំការប្រកាសបង្ហាញនៅសប្តាហ៍ក្រោយតែប៉ុណ្ណោះ ថានឹងមានអ្វីអស្ចារ្យខ្លះ៕