(ភ្នំពេញ)៖ បន្ទាប់ពីបានមើលឃើញថា វិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ននេះ មានការគាំទ្រច្រើនគួរសមពីសំណាក់មហាជន តារាសម្ដែង និងជាពិធីករល្បីឈ្មោះរាប់ឆ្នាំលោក ប៉ែន ចំរុង បានបង្ហាញឆន្ទៈក្នុងចូលរួមផលិតវិស័យភាពយន្តខ្មែរ ដើម្បីជាការចូលរួមលើកស្ទួយភាពយន្តខ្មែរ ឲ្យកាន់តែរីកមុខរីកមាត់ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក្រោមកិច្ចសហការជាមួយនឹងផលិតករមានបទពិសោធន៍យូរឆ្នាំ គឺលោក អុល ចំរើន និងការវិនិយោគដោយលោក ថេង ស្រេង អគនាយកក្រុមហ៊ុន MTSL និងលោក ថេង ហៀង ព្រមទាំងមានការចូលរួម ពីសំណាក់អ្នកដឹកនាំរឿងពីររូបដែលមានបទពិសោធន៍ នៅលើវិស័យភាពយន្តនេះ គឺលោក ជួន សុវណ្ណវាសនា អ្នកដឹកនាំចាស់វស្សា និងលោក នៅ សុវណ្ណារ័ត្ន ដែលជា BA តំណាងក្រុមហ៊ុន Sony នៅកម្ពុជា។
ខ្សែភាពយន្តខ្នាតធំជាស្នាដៃដំបូងរបស់លោក ប៉ែន ចំរុង មានចំណងជើងថា «ភូមិគ្រឹះម្លិះ» ដែលបានរៀបចំធ្វើពិធីក្រុងពាលីចេញថតជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីសំណាក់ផលិតករ, តារាសម្ដែង ព្រមទាំងក្រុមការងារជាច្រើននាក់។
ជាផលិតករ និងជាតួឯកក្នុងរឿង «ភូមិគ្រឹះម្លិះ» ផងនោះ តារាសម្ដែង ប៉ែន ចំរុង បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតដូចសព្វមួយដង លោកគ្រាន់តែជាតារាសម្ដែងម្នាក់ប៉ុណ្ណោះ ប៉ុន្តែលើកនេះមិនត្រឹមតែជាតារាសម្ដែងទេ គឺលោកជាផលិតករថែមទៀត ដោយសារតែលោកចង់បន្តឲ្យវិស័យភាពយន្តមាននូវការគាំទ្រកាន់តែច្រើន ព្រោះលោកសង្កេតឃើញថា វិស័យភាពយន្តនៅស្រុកខ្មែរ ការផលិតគឺនៅមានតិចតួច ហើយផលិតកម្មតិចណាស់ដែលធ្វើ។ ដូចនេះដើម្បីលើកស្ទួយ និងលើកទឹកចិត្តឲ្យតួសម្ដែងរបស់យើង ជាពិសេសតួដែលមានវ័យច្រើនៗ គឺទទួលបានការគាំទ្រឡើងវិញ ទើបលោកសម្រេចថា ត្រូវតែផលិតភាពយន្តដោយខ្លួនឯង។ មួយវិញទៀត លោកចង់ឲ្យភាពយន្តខ្មែររីកដុះដាលបន្តទៅមុខទៀតនៅលើឆាកជាតិ និងអន្តរជាតិផងដែរ។
ពិធីករលោក ប៉ែន ចំរុង បានគូសរំលេចថា រូបលោកជាតារាសម្ដែងក្នុងវិស័យភាពយន្តនេះ ២២ឆ្នាំមកហើយ លោកមើលឃើញថា ប្រសិនបើនៅតែបណ្ដែតបណ្ដោយ ទុកពេលវេលាចោលដោយមិនអើពើរ ពីការធ្វើវឌ្ឍនៈភាពលើវិស័យនេះបានឡើយ។ លោកថា មូលហេតុដែលជម្រុញទឹកចិត្តដ៏ខ្លាំងក្លាឲ្យលោកផលិតភាពយន្តជាលើកដំបូងនេះឡើង គឺក៏បានការជួយជ្រោមជ្រែងពីសំណាក់លោក អុល ចំរើន ដែលលោកមានស្នាដៃក្នុងការផលិតភាពយន្តជាង ៣០ឆ្នាំមកហើយ ដែលទទួលបានការគាំទ្រច្រើនពីមហាជន ទើបជាកម្លាំងចលករដ៏សំខាន់មួយ ធ្វើឲ្យលោកត្រូវតែពួតដៃគ្នាក្នុងគ្រានេះ។
លោក ប៉ែន ចំរុង បានបន្ថែមទៀតថា នៅពេលនេះរូបលោក និងលោក អុល ចំរើន បានសហការគ្នាលើកដំបូងផលិតរឿង «ភូមិគ្រឹះម្លិះ» នេះឡើង ក្រោមឈ្មោះផលិតកម្ម «4U Media» ដោយជ្រកនៅក្រោមស្លាក «Elite Media»។ ក្នុងនោះក៏មានអ្នកឧបត្ថម្ភវិនិយោគពីក្រុមហ៊ុន «MTSL» ដែលជាចលករដ៏សំខាន់ មិនអាចខ្វះបានផងដែរ។
តារាសម្ដែងលោក ប៉ែន ចំរុង បានអះអាងថា ភាពយន្តរឿង «ភូមិគ្រឹះម្លិះ» គឺជាភាពយន្តផលិតឡើងប្រកបដោយគុណភាពខ្ពស់ សម្រិតសម្រាំងប្រកបដោយការយកចិត្តទុកដាក់ទាំងតួសម្ដែង បច្ចេកទេសថត ទីតាំងថត ខណៈដែលក្នុងសាច់រឿងវិញ ក៏មានចំណុចទាក់ទាញច្រើន ពោលគឺស្ទើរតែគ្រប់ឈុតឆាក ដោយសាររឿងនេះជាប្រភេទភាពយន្តបែបរន្ធត់ កំប្លុកកំប្លែង ស្នេហាមនោសញ្ចេតនា និងឈុតឆាកសិចស៊ីខ្លះៗ ដែលបានដាក់បញ្ចូលគ្នា ដើម្បីឲ្យផ្ទៃរឿងទាំងមូលមានភាពរស់រវើកតែម្ដង។ លោកថាភាពយន្តរឿង «ភូមិគ្រឹះម្លិះ» ទទួលបានជោគជ័យ ឬមិនជោគជ័យ គឺអាស្រ័យលើបងប្អូនមហាជន ជាអ្នកគាំទ្រទូទាំងប្រទេសប៉ុណ្ណោះ ព្រោះមានតែការចូលរួមគាំទ្រទាំងអស់នេះហើយ ដែលធ្វើឲ្យភាពយន្តខ្មែររីកចំរើន និងបន្តឲ្យផលិតករទាំងអស់មានកម្លាំងចិត្ត។
សូមបញ្ជាក់ថា ភាពយន្តរឿង «ភូមិគ្រឹះម្លិះ» មានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដួងរួមមាន លោក ប៉ែន ចំរុង (តួឯកប្រុស) កញ្ញា យូ កាម៉ុនរ៉ាត់ (តួឯកស្រី), ឌីជេ កាកា, លោក ងួន សុបិន, លោក ជឹម ភ័ក្រ ហៅ គ្រូតឿ, ពេជ្រ ថៃ, លោក អ៊ាម វន្នី, លោក រ៉ហ្វែក ណាសៀត, លោក តាំង ហួណាម ហៅ ប៉ាវ ផ្លយ, ជា សំនាង, លោកស្រី អ៉ឹម ផល្លា, លោកស្រី អ៊ុំ សក្កណា, លោក នាង ណែម ហៅ ណុប ណែម, លោក ទូច ចន្ថា ហៅ រតនៈ ដែន, កញ្ញា សុខុម ពេជ្រសួគ៌លី, លោក គង់ គឹមហៃ ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត៕