(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) និងក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក «ក្រុមហ៊ុន ដាយគីន) ដែលជាក្រុមហ៊ុននាំចូលម៉ាស៊ីនត្រជាក់លំដាប់អន្តរជាតិមកពីប្រទេសជប៉ុន បានរៀបចំចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជាស្តីពី ការប្រើប្រាស់សេវាឥណទានឌីជីថល BNPL (Buy now, Pay Later) ជូនដល់អតិថិជន និងសាធារណជន សម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ តាមរយៈអេស៊ីស៊ូភើអេប។
នៅពិធីចុះអនុស្សរណៈនេះ លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានលើកឡើងថា ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយ ដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយក្រុមហ៊ុន ដាយគីន ក្នុងការផ្តល់ជូនសេវាឥណទានឌីជីថល BNPL (Buy now, Pay Later) ដល់អតិថិជន និងសាធារណជន តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហការរបស់ស្ថាប័នយើងទាំងពីរ។ សេវាកម្មឥណទានឌីជីថលសម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសហិរញ្ញវត្ថុកាន់តែប្រសើរ អាចបត់បែនបាន ដោយអនុញ្ញាតឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារនៅពេលក្រោយ។
លោកស្រី សុខ សោភា ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នយើងទាំងពីរ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជននៃស្ថាប័នទាំងពីរ រួមទាំងបណ្តាញ ចែកចាយរបស់ក្រុមហ៊ុនដាយគីនទាំងអស់។ ដើម្បីបង្ករភាពងាយស្រួលជូនអតិថិជនទាំងអស់ ទទួលបាននូវភាពរីករាយនឹងផាសុកភាព នៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ថ្មី ដែលមានគុណភាពខ្ពស់ នាំចូលពីប្រទេសជប៉ុន ដោយគ្មានបន្ទុកនៃការទូទាត់ដុលជាមុន និងដំណើរការទូទាត់កាន់តែងាយស្រួលតាមរយៈប្រព័ន្ធឌីជីថលរបស់ធនាគារ អេស៊ីស៊ូភើអេប។
លើសពីនេះ លោកស្រីបានបន្ថែមទៀតថា ភាពជាដៃគូរបស់ស្ថាប័នយើងទាំងពីរ ក្នុងគោលបំណងបង្កើនភាពងាយស្រួលជូនអតិថិជន ក្នុងការទិញផលិតផលម៉ាស៊ីនត្រជាក់ ដែលអាចឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ភ្លាមៗ ខណៈពេលដែលការសងត្រឡប់មកធនាគារនៅពេលក្រោយ។ សម្រាប់ជម្រើសបង់ប្រាក់ អតិថិជនអាចធ្វើការទូទាត់តាមរយៈឃ្យូអរកូដរបស់ធនាគារ អេស៊ីលីដា និងម៉ាស៊ីនឆូតកាត បានពីគ្រប់អេបធនាគារដែលជាសមាជិកបាគង (Bakong) ប័ណ្ណអេស៊ីលីដាទាំងអស់ រួមជាមួយនឹងប័ណ្ណដែលមាននិមិត្តសញ្ញា CSS និងគ្រប់ប្រភេទប័ណ្ណឥណទាន/ឥណពន្ធអន្តរជាតិ។
ជាមួយគ្នានេះដែរ លោក Tanaka Toshiyuki នាយកគ្រប់គ្រងក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក បានលើកឡើងថា ក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០២៣ បានចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៤ ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daikin Industries Ltd ដែលជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់ជាប់ចំណាប់ថ្នាក់លេខ១ ក្នុងលំដាប់ពិភពលោក។
លោក Tanaka Toshiyuki បានសង្ឃឹមយ៉ាងមុតមាំថា សេវា BNPL ដែលដាក់ឱ្យដំណើរការដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជរុញការទិញរបស់អ្នកប្រើប្រាស់រួមទាំងបង្កើនល្បឿនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។ សេវាកម្ម BNPL គឺជាដំដោះស្រាយមួយ ដែលអាចជួយការគាំទ្រយ៉ាងខ្លាំង ដល់ការទិញម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសកម្ពុជា ហើយពិតមានការរំភើបជាខ្លាំងដែលបានដាក់ឱ្យដំណើរការសេវាកម្មមួយនេះ។ ក្រុមហ៊ុន Daikin បានប្ដេជ្ញាថា នឹងក្លាយខ្លួនជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់លេខ១ តាមរយៈកិច្ចសហប្រតិបត្ដិការនេះ ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។
បន្ថែមពីនេះ លោក Tanaka Toshiyuki បានបន្ដថា ទំនួលខុសត្រូវក្នុងសង្គមសារជីវកម្ម គឺជាផ្នែកមួយនៃបេសកម្មរបស់យើង ហើយកិច្ចសហការរបស់យើងជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដ ដើម្បីបន្ដនៅក្នុងការជួយដល់ការអភិវឌ្ឃជាតិ និងមានឥទ្ធិពលវិជ្ជាមានលើកសហគមន៍ដែលយើងអភិវឌ្ឃសារជីវកម្ម។
សូមជម្រាបដែរថា ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤៩លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួនជាង ៤,២២ លាននាក់៕