(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 ជាផ្លូវការ ក្រោយសរុបលទ្ធផលទាំង ២ជើង បានយកឈ្នះក្រុម Shan United ដោយលទ្ធផល ៧-២ បន្ទាប់ពីជំនួបជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ មុននេះបន្ដិច ពួកគេបានភ្លាត់ចាញ់ ២-១ ក្រៅដីមុននេះបន្ដិច នៅកីឡដ្ឋាន Thuwunna នាទីក្រុងយ៉ាំងហ្គូន។
ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពីចាប់ផ្ដើមវគ្គទី១ បានប្រមាណ ៣០វិនាទី Shan United បានបើកការនាំមុខ ១គ្រាប់មុន ដោយកីឡាករ Khun Kyaw Zin Hein មុនកីឡាករ Ye Yint Aung រកបានគ្រាប់ទី២ នៅនាទី២៦ ។ ក្រោយរងសម្ពាធខ្លាំងពីក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានប្ដូរកីឡាករ ២រូប គឺ សឿយ វិសាល និង Cristian Dos Santos ចូលជំនួសមិត្តរួមក្រុមភ្លាមៗ ត្រឹមពាក់កណ្ដាលវគ្គទី១។
បន្ទាប់មកក្រុមទាំងពីរ មានឱកាសវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៥៥ ទើបព្រះខ័នរាជស្វាយរៀង វាយបកបាន ១គ្រាប់ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Matheus Moresche ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Shan United បានព្យាយាមកាន់តែខ្លាំង តែធ្វើមិនបានសម្រេច ។ សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា ៧-៤ ក្រោយជើងទី១ ពួកគេបានយកឈ្នះក្នុងដី ៦-២។
សម្រាប់ជំនួបវគ្គ ៤ក្រុមចុងក្រោយនេះ ក្រុមលីគកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវតទល់នឹងក្រុម Madura United របស់ឥណ្ឌូនេស៊ី បន្ទាប់ពីគូប្រជែងមួយនេះយកឈ្នះក្រុម ក្រុម Tainan City របស់ឆាយនីសតៃប៉ិ ចំណែកបេក្ខភាពក្រុមមកពីតំបន់អាស៊ីខាង គឺជាការប៉ះគ្នារវាងក្រុម Al-Arabi មកពីគុយវ៉ែត ទល់នឹងក្រុម Arkadag មកពីទួមេនីស្ថាន ។
ការប្រកួតវគ្គ ៤ក្រុមនេះដែរ គឺត្រូវលេងពីរជើង ស្វែងរកក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រ ដោយជើងទី១ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើទ្វាពហុកីឡដ្ឋានមរតកតេជោ ទទួលក្រុម Madura United ធ្វើឡើងនៅថ្ងៃទី១០ និងជើងទី២ (ស្វាយរៀង) នឹងចេញទៅតតាំងក្រៅដីវិញនៅថ្ងៃទី១៧ ខែមេសាខាងមុខនេះ ដោយឡែកក្រុម Al Arabi ក៏ត្រូវប៉ះ FK Arkadag នៅថ្ងៃទី០៩-១៦ ខែដដែល ៕