(ភ្នំពេញ)៖ ធនាគារ វីង ចូលរួមជំរុញការតភ្ជាប់សេដ្ឋកិច្ច នវានុវត្តន៍ឌីជីថល ក៏ដូចជាលើកកម្ពស់សក្តានុពលសម្រាប់ការអភិវឌ្ឍ នៅទូទាំងតំបន់អាស៊ាន តាមរយៈការគាំទ្ររបស់ខ្លួនក្នុងការៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានផ្តល់ការគាំទ្ររបស់ខ្លួនពេញយ៉ាងពេញទំហឹង ដើម្បីជំរុញការរីកចម្រើននៅក្នុងតំបន់ ដោយបានចូលរួមឧបត្ថម្ភសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥។ កិច្ចប្រជុំកំពូលធុរកិច្ចថ្នាក់តំបន់នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ ព្រឹត្តិការណ៍នេះ ទទួលបានការចូលរួមពីប្រតិភូប្រមាណជា ៧០០នាក់រួមមាន៖ មន្ត្រីរាជការ ធុរជន ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាអ្នកជំនាញមកពីវិស័យផ្សេងៗគ្នានៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

ប្រព្រឹត្តិទៅក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» កិច្ចប្រជុំកំពូលនេះបានផ្តល់ជាវេទិកាដ៏សំខាន់មួយសំដៅដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច ការស្វែងរកនូវកាលានុវត្តថ្មីៗ ក៏ដូចជាពង្រឹងភាពជាដៃគូនៅក្នុងតំបន់ឱ្យកាន់តែរឹងមាំថែមទៀត។

រយៈពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលធុរកិច្ចនេះសកម្មភាពសំខាន់ៗជាច្រើនត្រូវបានរៀបចំឡើងរួមមាន៖ កិច្ចសន្ទនារវាងរដ្ឋាភិបាល និងធុរកិច្ច កិច្ចពិភាក្សាតុមូលផ្តោតលើវិស័យសក្តានុពល ការផ្គួរផ្គងអាជីវកម្ម ដែលសកម្មភាពទាំងអស់នេះផ្តល់ឱកាសឱ្យអ្នកចូលរួម អាចដោះស្រាយនូវបញ្ហាប្រឈមទាក់ទិននឹងបទប្បញ្ញត្តិនានា ក៏ដូចជាស្វែងយល់ពីវិស័យសក្តានុពលដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងតំបន់ជាដើម។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានគូសបញ្ជាក់ពីសក្តានុពល ក៏ដូចជាកំណើនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលជាឱកាសដ៏ល្អសម្រាប់ការពង្រីកប្រតិបត្តិការអាជីវកម្ម។

លោក ហោ ប៊ុនថែ បានលើកឡើងថា៖ «ធនាគារ វីង តែងតែប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីជួយលើកកម្ពស់ភាពរីកចម្រើនរបស់អាជីវកម្មតាមរយៈការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ការគាំទ្រទៅដល់គំនិតផ្តួចផ្តើមនានាទាំងក្នុងស្រុក និងតំបន់ ដែលអាចឱ្យអាជីវកម្មទាំងនោះទទួលបាននូវការរីកចម្រើននៅក្នុងទីផ្សារដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងថែមទៀត។ ការប្តេជ្ញាចិត្តចំពោះកិច្ចសហការនេះ ក៏ជាផ្នែកមួយនៃការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងនវានុវត្តន៍ ដែលធនាគារ វីង ក្នុងនាមជាដៃគូដ៏សំខាន់មួយ បានបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការរួមចំណែកកសាងអនាគតសេដ្ឋកិច្ចរបស់អាស៊ានឱ្យកាន់តែរឹងមាំ»។

លើសពីការឧបត្ថម្ភហិរញ្ញវត្ថុ ធនាគារ វីង ក៏បានចូលរួមចែករំលែកចំណេះដឹងនៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង ត្រូវបានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្តីពី «មូលធនមនុស្ស៖ គន្លឹះឆ្ពោះទៅកាន់ការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ» ដែលជាប្រធានបទដ៏ចំាបាច់មួយនៅក្នុងចំណោមកិច្ចពិភាក្សាផ្សេងៗទៀត។

នៅក្នុងកិច្ចពិភាក្សានោះ លោក ឡៅ សៀងហៃ បានគូសបញ្ជាក់ពីការខិតខំរបស់ធនាគារ វីង ដែលតែងតែយកចិត្តដាក់ជួយបង្កើនសមត្ថភាពទៅដល់យុវជនដែលមានទេព្យកោសល្យ រួមទាំងបុគ្គលិក ដើម្បីជួយឱ្យពួកគេទទួលបាននូវជំនាញ និងអាជីពដែលចាំបាច់នានា ដើម្បីក្លាយជាធនធានដ៏មានសមត្ថភាពដែលអាចឆ្លើយតបកំណើនតម្រូវការសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកឡៅ សៀងហៃ ក៏បានលើកឡើងពីការវិនិយោគរបស់ធនាគារ វីង ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍកម្លាំងពលកម្ម ដែលលោកបានចាត់ទុកជាកត្តារួមផ្សំនៃយុទ្ធសាស្ត្ររបស់ធនាគារ វីង សំដៅរួមចំណែកកសាងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញកំណើនក្នុងតំបន់ប្រកបដោយចីរភាពផងដែរ។

ធនាគារ វីង បានចូលរួមគាំទ្រព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលធុរកិច្ចថ្នាក់តំបន់នេះ អស់រយៈពេល ៤ឆ្នាំជាប់ៗគ្នាមកហើយ ដែលសបញ្ជាក់ពីការគាំទ្ររបស់ធនាគារ វីង ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ចំពោះគោលដៅសមូហភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់អាស៊ានផងដែរ។ តាមរយៈការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍមូលធនមនុស្ស ធនាគារ វីង ជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំនៃការរួមចំណែកទាំងនេះ នឹងនាំមកនូវផលវិជ្ជមាន និងវឌ្ឍនភាពយូរអង្វែងសម្រាប់សហគមន៍ក្នុងតំបន់។ ធនាគារ វីង នៅតែបន្តរួមចំណែកក្នុងកសាងអនាគតសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបេ្តជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងសហគមន៍ក្នុងតំបន់ឱ្យកាន់តែមានទំនាក់ទំនងល្អប្រសើរ ប្រកបដោយបរិយាបន្ន និងភាពរុងរឿងដ៏ត្រចះត្រចង់៕