(ឡុងដ៍)៖ បណ្តាក្រុមមកពីលីគកំពូលអង់គ្លេស Premier League រួមមាន Manchester United, Chelsea និង Tottenham Hotspur សុទ្ធតែបានឆ្លងផុតវគ្គ ១៦ក្រុមពានរង្វាន់អឺរ៉ុបដូចៗគ្នា បន្ទាប់ពី Arsenal និង Aston Villa ធ្វើបានកាលពីរាត្រីថ្ងៃព្រហស្បតិ៍។
បិសាចក្រហម អតីតជើងឯក UEFA Europa League កាលឆ្នាំ២០១៧ បានទម្លាក់ក្រុមមកពីអេស្ប៉ាញ Real Sociedad ៤-១ នៅកីឡដ្ឋាន Old Trafford បិទបញ្ចប់ជើងទី២ វគ្គ ១៦ក្រុមរដូវកាលនេះ បន្ថែមលើលទ្ធផល ១-១ កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញ។
ជាការកត់សម្គាល់ ប្រធានក្រុមរបស់ពួកគេគឺ Bruno Fernandes ជា Player of the Match ក្រោយធ្វើបានហែតទ្រីក (៣គ្រាប់)។
១ក្រុមទៀត គឺមាន់ខ្នាយមាស Tottenham Hotspur ក៏បានឆ្លងចូលវគ្គ ៨ក្រុម UEL ដូចគ្នា តាមរយៈយកឈ្នះ AZ Alkhmaar ៣-១ ក្នុងជើងទី២ ក្នុងទឹកដីរបស់ពួកគេដែរ បន្ថែមលើលទ្ធផលស្មើ ១-១ ក្នុងជើងទី១ នៅប្រទេសហូឡង់ ដើម្បីឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀត ក្នុងកម្មវិធីពានរង្វាន់លំដាប់ទី២ អឺរ៉ុប។
ចំណែកឯតោខៀវ Chelsea វិញគឺជាក្រុមតែមួយគត់ដែលបានឈរជើងនៅពានលំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League រដូវកាល ២០២៤-២៥ ក៏បានទម្លាក់គូប្រជែង FC Copenhagen ១-០ ក្នុងជើងទី២ យប់មិញដែរ បន្ថែមលើជ័យជម្នះ ២-១ កាលពីជើងទី១ វគ្គ ១៦ក្រុមចុងក្រោយនៅទឹកដីដាណឺម៉ាក៕