(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA នឹងលើកយកករណីកីឡាករ Julian Alvarez មកដាក់តុ ជជែកវែកញែកជាមួយក្រុមអ្នកបង្កើតច្បាប់ប៉េណាល់ទីម្តងទៀត។
UEFA បានឱ្យដឹងថា ពួកគេនឹងពិភាក្សាគ្នាឡើងវិញជាមួយក្រុមអ្នកច្បាប់ ជុំវិញការទាត់បាល់ប៉េណាល់ទីរបស់ Alvarez នៃក្រុម Atletico Madrid មិនត្រូវបានផ្តល់បាល់ចូលទី ដោយហេតុមានការប៉ះបាល់ ២ដង ក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីទល់នឹង Real Madrid នៅ UEFA Champions League កាលពីរាត្រីថ្ងៃព្រហស្បតិ៍។
យោងតាមវីដេអូជំនួយការអាជ្ញាកណ្តាល VAR បានបង្ហាញថា ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនខាងលើនេះបានប៉ះ ២ដង ពោលគឺទាំងជើងឆ្វេង និងជើងស្តាំតែម្តង។
នៅក្នុងមាត្រា ១៤.១ នៃច្បាប់ប៉េណាល់ទីបានចែងថា «អ្នកទាត់មិនអាចប៉ះបាល់ជាលើកទី២ បានទេ ដរាបណា បាល់មិនត្រូវប៉ះដោយកីឡាករដទៃ (មិត្តរួមក្រុម ឬគូបក្ខដិបក្ខ)។
ចំណែកឯនៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA នាពេលថ្មីៗនេះក៏បានបញ្ជាក់ផងថា «ច្បាប់នៃល្បែង មាត្រា ១៤.១ដដែលគឺ VAR មានសិទ្ធិ (ត្រូវតែ) ខលទៅអាជ្ញាកណ្តាលក្នុងទីលាន ថាបាល់នោះត្រូវឱ្យចូលទី ឬមិនឱ្យ»។
គិតមកទល់ពេលនេះ Atletico បានបរាជ័យទាំង ៦ប្រកួតតែម្តង រាល់ពេលទាត់ប៉េណាល់ទីកាត់សេចក្តីទល់នឹងក្រុមស្ថិតក្រុងទីក្រុង Madrid តែមួយគ្រប់កម្មវិធីទាំងអស់៕