(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានក្រើនរំឭកដល់មន្ដ្រីសហព័ន្ធជាតិ គ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនី ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងមួយចំនួន ដែលអាចបង្កទៅជាសារធាតុដូប៉ា ឬដូពីង ដែលជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា និងបានជំរុញឲ្យមានការបញ្ជូលទិន្នន័យ Whereabouts ក្នុងប្រព័ន្ធ ADAMS របស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(CADA) ខណៈអត្តពលិក គ្មានទិន្នន័យទេ NOCC នឹងមិនចុះឈ្មោះឲ្យចេញប្រកួតអន្ដរជាតិឡើយ។

ការគូសបញ្ជាក់នេះ ស្របពេលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ CADA បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីការប្រឆាំងសារធាតុដូប៉ា ក្នុងវិស័យកីឡា ដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចំនួន ៧៥នាក់ចូលរួម នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌ ដែលកើតឡើងក្រោយការរកឃើញ ក៏ដូចជាការបង្រៀនរបៀបទាញយកវិញ្ញាបនបត្រពី ADEL-E Learning Platform និងបញ្ចូល Whereabouts ក្នុងប្រព័ន្ធ ADAMS ចំពោះកីឡាករកម្រិតខ្ពស់ជាដើម។

លោក វ៉ាត់ ចំរើន ទទួលស្គាល់កាលពីជាង ១០ឆ្នាំមុន កម្ពុជាមានបញ្ហាប្រឈមច្រើន ក្នុងវិស័យកីឡាពាក់ព័ន្ធនឹងព័ត៌មាន ចំណេះដឹង ទាក់ទងនឹងសារធាតុហាមឃាត់ដូពីង តែក្រោយបង្កើតឲ្យមានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា បញ្ហាទាំងនោះ ត្រូវបានកាត់បន្ថយបន្ដិចម្ដងៗ រហូតមានការយល់ដឹងបានយ៉ាងទូលំទូលាយ ជាក់ស្ដែងស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ ទោះបីមានការរកឃើញការសង្ស័យប្រើប្រាស់សារធាតុដូពីងចំនួន ៤ករណី តែគ្មានកីឡាករ-កីឡាការិនីកម្ពុជាឡើយ គ្រាដែលអត្តពលិករកឃើញ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កំពុងប្រជុំសម្រេចដើម្បីដកមេដាយវិញទៀតផង។

យ៉ាងណាដើម្បីធានា និងរក្សាបាន ក្នុងនាមកីឡាករ-កីឡាការិនីកម្ពុជាដែលមានភាពស្អាតស្អំ ឬ Clean Athletes លោកបានក្រើនរំឮកដល់គ្រប់ភាគីពាក់ព័ន្ធ រាប់ចាប់ពីអគ្គនាយកដ្ឋានកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ត្រូវបន្ដការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ក៏ដូចជាបើកវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដោយធ្វើការជាមួយ CADA មិនត្រឹមតែគ្រូបង្វឹក តែត្រូវមានការបណ្ដុះបណ្ដាលផ្ទាល់ដល់កីឡាករ-កីឡាការិនី ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់នៃសារធាតុដូពីង ក៏ដូចជាការបំពេញបែបបទផ្សេងៗ។

លោកសង្កត់ធ្ងន់ថា «ចាប់ពីពេលនេះតទៅ កីឡាករ-កីឡាការិនីណា ដែលអត់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ឬបំពេញបែបបទនៃវិញ្ញាបនបត្រពី ADEL-E Learning Platform និងបញ្ចូល Whereabouts ក្នុងប្រព័ន្ធ ADAMS ទេ គឺថាទៅប្រកួតក្រៅប្រទេសអត់បានទេ ។ អ៊ីចឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងគោរពទៅតាមគោលការណ៍របស់ CADA បើ CADA ថា កីឡាករមួយក្រុមនេះ អត់បានបំពេញ Whereabouts ទេ អត់បានអ្វីទេ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មិនអាចចុះឈ្មោះឲ្យបានដែរ»។

«យើងត្រូវសហការគ្នាធ្វើម៉េចឲ្យយន្ដការហ្នឹងវាមានភាពរឹងមាំតាំងពីក្រោមដល់លើ ។ ចំណុចនេះ សូមយកចិត្តយកចិត្តទុកដាក់ ដើម្បីកុំឲ្យមានវប្បដិសារីនៅពេលណាមួយ សំខាន់កីឡាករ ខកចិត្តទី១ គាត់ខកចិត្ត ខំហាត់មួយឆ្នាំ ដល់ពេលគាត់ប្រើប្រាស់អ្វីមួយអត់ដឹង គាត់ខកចិត្តម៉េចអត់បានទៅប្រកួត ។ ខកចិត្តទី២ គឺពេលបានមេដាយហើយ ត្រូវបានគេដកវិញ....។ មួយវិញទៀត ការពាក់ព័ន្ធនឹងសារធាតុហាមឃាត់ រឿងនេះ ក្រៅពីប៉ះពាល់ដល់កិត្តិយស និងបាត់បង់ការខិតខំប្រឹងប្រែងខ្លួនឯងទេ ក៏ប៉ះពាល់ដល់កិត្តិយសប្រទេសជាតិផងដែរ» ។ លោក វ៉ាត់ ចំរើន បន្ថែម។

ជាមួយការរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងយន្ដការប្រយុទ្ធប្រឆាំងដូប៉ាក្នុងវិស័យកីឡាខាងលើ ក្នុងនាម NOCC លោកបានសម្ដែងនូវសេចក្ដីរីករាយ និងគាំទ្រពេញទំហឹង ចំពោះវឌ្ឍនភាពដ៏ល្អសម្រាប់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដោយមានការជំរុញឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយ NOCC ប្ដេជ្ញានឹងធ្វើឲ្យកីឡាករ-កីឡាការិនីកម្ពុជា ក្លាយជាអត្តពលិកដែលស្អាតស្អំ ឬ Clean Athletes ដែលមិនប៉ះពាល់សារធាតុហាមឃាត់ ដែលរឿងដ៏សំខាន់មួយ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះផងដែរ ៕