(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងរៀបចំបញ្ចេញមុខងារថ្មីនៅលើ AirPods ដែលនឹងអនុញ្ញាតឱ្យកាសនេះអាចបកប្រែការសន្ទនាផ្ទាល់ជាមួយមនុស្សទៅជាភាសាផ្សេងមួយទៀតបានភ្លាមៗក្នុងពេលដំណាលគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
របាយការណ៍នេះបានគូសបញ្ជាក់ថា មុខងារនេះនឹងត្រូវបានផ្តល់ជូនជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពកម្មវិធីកាស AirPods នៅចុងឆ្នាំនេះ ហើយនឹងចេញមកជាមួយនឹងការធ្វើបច្ចុប្បន្នភាពកំណែ iOS 19 ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iPhone។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិត Apple នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។
គួរជម្រាបថា ក្រុមហ៊ុន Apple កំពុងរៀបចំផែនការផ្លាស់ប្តូរទ្រង់ទ្រាយធំទៅលើកម្មវិធីរបស់ខ្លួននៅចុងឆ្នាំនេះ ហើយនឹងផ្លាស់ប្តូររូបរាងប្រព័ន្ធប្រតិបត្តិការ និងចំណុចប្រទាក់ iPhone, iPad និង Mac របស់ខ្លួន នេះបើតាមរបាយការណ៍ពី Bloomberg កាលពីថ្ងៃចន្ទ៕