(រីយ៉ូ)៖ សាំបាប្រេស៊ីល បានកោះហៅខ្សែប្រយុទ្ធយុវជន Endrick មកពីក្លិប Real Madrid ដើម្បីជំនួសកន្លែងរបស់ Neymar ដែលជួបបញ្ហារបួសសាច់ដុំ ពេលលេងឱ្យ Santos នាពេលថ្មីៗនេះ។
ប្រេស៊ីល អតីតជើងឯកពិភពលោក ៥សម័យកាលច្រើនជាងគេ ត្រៀមលេង ២ប្រកួតទល់នឹងកូឡុំប៊ី និងអាហ្សង់ទីន សម្រាប់វគ្គជម្រុះ World Cup 2026 ក្នុងខែមីនា ឆ្នាំ២០២៥ នេះ ប្រចាំតំបន់អាមេរិកឡាទីន។
នេះមានន័យថា Neymar វ័យ ៣៣ឆ្នាំ បន្តខកខានលេងជម្រើសជាតិ ក្នុងរយៈពេល ១៧ខែដែលបាត់មុខ ក្នុងនាមជា Top scorer របស់សាំបាដែលរកបាន ៧៩គ្រាប់ច្រើនជាងគេ និងនាំមុខ Pele ២គ្រាប់ផងដែរ។
Endrick ដែលមានវ័យទើបតែ ១៨ឆ្នាំនោះ បានចូលលេងសរុប ២៨ប្រកួតគ្រប់កម្មវិធីរបស់អធិរាជស Real Madrid នារដូវកាលនេះ ដោយរកបាន ៦គ្រាប់ផងដែរ។ រូបគេបានចូលលេង ១៣ប្រកួតទៀតផងក្នុងឈុតធំប្រេស៊ីល និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ទៀតផង៕