(សៀមរាប)៖ ស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាពដួលរលំបាក់បែកទ្រុឌទ្រោម ប្រែជារឹងមាំឡើងវិញ ជាបន្តបន្ទាប់ដោយក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុលប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។
អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រយៈពេល១០ខែមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើងស្ពានហាលខាងកើតនៃប្រាសាទបេងមាលា បានសម្រេចរួចរាល់ ព្រមទាំងបានជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំទៀត។
បច្ចុប្បន្នក្រុមការងារនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះជាបន្តទៀត។
អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា ស្របតាមអនុសាសន៍អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ក្រុមការងារប្រើថ្មបាយក្រៀមជំនួសដី ដែលចាស់បុរាណបានបុកបង្ហាប់ ក្នុងពេលសាងសង់នៅតាមផ្នែកសងខាងនៃស្លាបស្ពាន ដែលទីតាំងនេះមានស្ថានភាពស្រុតដោយសារទឹកហូរច្រោះ។
អ្នកជំនាញរំពឹងថា ការប្រើថ្មបាយក្រៀមនៅទីតាំងនេះ នឹងជួយឱ្យរឹងមាំបានយូរអង្វែង ទប់ស្កាត់ការខូចខាតនាពេលអនាគតជាបន្តទៀត។
ការងារជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា បានបែងចែកក្រុមការងារជា៤ផ្នែក គឺផ្នែកទី១ រៀបចំកម្រាលនិងតម្លើងនាគ ផ្នែកទី២ ជួសជុលថ្មបាយក្រៀមនៃតួស្ពាន ផ្នែកទី៣ជួសជុលថ្មកម្រាល និងផ្នែកទី៤ ជួសជុលប៉ះនិងតថ្ម។
គម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ ក្រៅពីថែរក្សាអភិរក្សមរតកដូនតាខ្មែរ ក៏បានផ្តល់ឱកាសការងារដល់ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ និងប្រជាជនមួយចំនួនរស់នៅជុំវិញប្រាសាទនេះ ឱ្យទទួលបានប្រាក់កម្រៃជួយផ្គត់ផ្គង់គ្រួសារ ព្រមទាំងបានបណ្តុះទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមថែរក្សាកេរដំណែលដូនតាខ្មែរ ឱ្យគង់វង្សបានយូរទៅថ្ងៃអនាគតផង។
ស្ពានហាលខាងកើតប្រាសាទបេងមាលា បានចាប់ផ្ដើមដំណើរការជួសជុលតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥៕