(បរទេស)៖ ក្រុមហ៊ុន Intel បានប្រកាសនៅក្នុងឯកសារបទប្បញ្ញត្តិមួយនៅថ្ងៃសុក្រសប្តាហ៍នេះថា នាយកប្រតិបត្តិ (CEO) ថ្មីលោក Lip-Bu Tan នឹងទទួលបានប្រាក់ខែ ១ លានដុល្លារ និងមានសិទ្ធិទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំរហូតដល់ ២ លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិកខ្នាតយក្ស Intel បានតែងតាំងលោក Tan ជា CEO ថ្មីនៅថ្ងៃពុធដោយប្រគល់ភារកិច្ចឱ្យអ្នកជំនួញជើងចាស់ក្នុងឧស្សាហកម្មនេះ ដើម្បីដឹកនាំការផ្លាស់ប្តូរដ៏លំបាកមួយទៅកាន់ក្រុមហ៊ុនផលិតបន្ទះឈីបដែលទទួលបានជោគជ័យ ក៏ដូចជាផ្ទះរចនាបន្ទះឈីបផងដែរ។ លោកនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១៨ ខែមីនាសប្តាហ៍ក្រោយ។
យោងតាមករបាយការណ៍ចុះផ្សាយបានឱ្យដឹងថា កិច្ចព្រមព្រៀងការងាររបស់លោក Tan រួមមានគោលដៅនៃការអនុវត្តរយៈ ៣ឆ្នាំ ប្រសិនបើ «ការផ្លាស់ប្តូរការគ្រប់គ្រង» ឬការគ្រប់គ្រងមានប្រសិទ្ធិភាពក្នុងរយៈពេល ១៨ ខែបន្ទាប់ពីការឡើងកាន់តំណែងនោះ លោកនឹងទទួលបាន ២ ភាគ ៣ នៃរង្វាន់ភាគហ៊ុនបន្ថែមទៀត។ ទន្ទឹមនឹងកិច្ចសន្យាការងារនេះ ត្រូវបានគេមើលឃើញថា ខុសគ្នានឹងកិច្ចព្រមព្រៀងការងាររបស់លោក Gelsinger ខណៈមិនមិនឃា្ល «ការផ្លាស់ប្តូរការគ្រប់គ្រង» (change in control) នោះទេ។ កិច្ចសន្យារបស់ Gelsinger រួមបញ្ចូលប្រាក់ខែគោល ១.២៥ លានដុល្លារ ហើយគាត់មានសិទ្ធិទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំរហូតដល់ ២៧៥% នេះបើយោងតាមឯកសារបទប្បញ្ញត្តិ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏មានសិទ្ធិទទួលបានប្រាក់ចំនួន ១២ លានដុល្លារជាប្រាក់សំណងមុនពេលចាកចេញពីក្រុមហ៊ុនផងដែរ។
គួរជម្រាបថា នៅក្នុងភាពខុសគ្នាមួយផ្សេងទៀតនៅក្នុងពាក្យនៃកិច្ចសន្យា លោក Tan តម្រូវឱ្យលះបង់ «ពេលវេលាចាំបាច់» ដើម្បីបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់គាត់ក្នុងនាមជានាយកប្រតិបត្តិ ខណៈដែលលោក Gelsinger ត្រូវបានស្នើសុំឱ្យលះបង់ «លះបង់ពេលវេលា និងផ្តោតអារម្មណ៍ពេញលេញលើ Intel» ពោលគឺមិនមានអាជីវកម្មនៅខាងក្រៅផ្សេង។ យ៉ាងហោចណាស់ពេលនេះ លោក Tan នៅតែចូលរួមយ៉ាងសកម្មជាមួយនឹងការអាជីវកម្ម startup ដែលលោកវិនិយោគតាមរយៈក្រុមហ៊ុនបណ្តាក់ទុនរបស់លោក Walden International៕