(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំការប្រកួតបាល់ទាត់ «ពានរង្វាន់ខណ្ឌកំបូល» រដូវកាលទី៤ ឆ្នាំ២០២៥ ពិធីនេះធ្វើឡើងនៅតារាងបាល់ទាត់កងពលតូចទ័ពពិសេសឆត្រយោង៩១១ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ត្រាក់ ថៃសៀង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល, លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ នៃបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោងលេខ៩១១, លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល អាជ្ញាធរសង្កាត់ និងក្រុមកីឡាករ សង្កាត់ទាំង៧របស់ខណ្ឌ នាយទាហាន ទាហានរង និងពលទាហាន ប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

បើតាមលោក ឃឹម ស៊ុនសូដា បានថ្លែងថា ដើម្បីចូលរួមចំណែកអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលខណ្ឌកំបូលបានរៀបចំការប្រកួតបាល់ទាត់ «ពានរង្វាន់ខណ្ឌកំបូល» នេះឡើង ក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាព ភាតរភាព និងផ្សាភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជនទូទាំងខណ្ឌកំបូល និងជាការលើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បពង្រឹងសុខភាពរាងការឱ្យរឹងមាំ និងលើកកម្ពស់សុខភាពផ្លូវចិត្តដែលជាទ្រព្យដ៏ប្រពៃមិនអាចកាត់ថ្លៃបាន និងចៀសចេញឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗជាពិសេសគ្រឿងញៀន និងក្មេងទំនើង។

លោកអភិបាលខណ្ឌកំបូល បានបន្តថា ផ្អែកលើបទពិសោធន៍ និងភាពជោគជ័យនៃការរៀបចំកម្មវីធីប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌកំបូល ចំនួន៣រដូវកាលកន្លងមកថ្ងៃនេះ រដ្ឋបាលខណ្ឌបានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌកំបូល រដូវកាលទី៤ ដែលមានក្រុមកីឡាករចូលរួមប្រកួតប្រជែងចំនួន ១៤ក្រុម មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល។ ចំពោះលក្ខខណ្ឌនៃការប្រកួត គណៈកម្មការរៀបចំការប្រកួតបានធ្វើការបែងចែក ក្រុមប្រកួតជា ៤ពូល ក្នុងនោះពូល A មានចំនួន ៣ក្រុម, ពូល B មានចំនួន៣ក្រុម ពូល C មានចំនួន៤ ក្រុម និងពូល D មានចំនួន ៤ក្រុម។

លោកបានបញ្ជាក់ថា ចំណែកការផ្តល់ពិន្ទុក្នុងការប្រកួត ក្រុមឈ្នះទទួលបាន ៣ពិន្ទុ ក្រុមស្មើទទួលបាន១ពិន្ទុ និងក្រុមចាញ់ទទួលបាន ០ពិន្ទុ ហើយក្រុមដែលត្រូវឡើងទៅវគ្គបន្ត គឺក្រុមដែលមាន ចំណាត់ថ្នាក់លេខ១ និងលេខ២ នៅក្នុងពូលនីមួយៗ។ ជាមួយគ្នានេះ ដែរផ្អែកតាមការរៀបចំរបស់គណៈ កម្មការ ការប្រកួតសរុបមានចំនួន២៦ប្រកួត ក្នុងនោះការប្រកួតផ្ដាត់ព្រ័តដើម្បីជ្រើសរើសម្ចាស់ជើងឯក នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានណែនាំដល់កីឡារករទាំងអស់ខិតខំប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យលាភី និងពានរង្វាន់។ លោកក៏បានថ្លែងអំណរគុណលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល ដែលបានជួយឧត្ថម្ភគាំទ្រនូវថវិកាជាច្រើនសន្ធឹកសន្ធាប់ដល់ដំណើរការរៀបចំការប្រកួត, លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ដែលបានជួយសម្រួលផ្តល់ផ្តល់តារាងបាល់ទាត់សម្រាប់ការប្រកួតនេះ និងអរគុណចំពោះសប្បុរសជននានាដែលបានជួយឧត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈដល់ការរៀបចំការប្រកួត៕